Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កសិករមួយរូប ជោគជ័យខ្ពស់ ក្នុងការចិញ្ចឹម មាន់ស្រែ នៅឃុំចក ស្រុកអូររាំងឳ បង្ហាញតិចនិច ចិញ្ចឹម៥ ចំនុចសំខាន់ៗ គួរតែស្វែងយល់ និងអនុវត្តន៍តាម

  • បោះពុម្ព

នារសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសេដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដឹកនាំសហការី បានចុះពិនិត្យ និងដកស្រង់ បទពិសោធន៍ ពីការចិញ្ចឹមមាន់ស្រែ របស់លោក ផុន សេងឌី នៅភូមិប្រាសាទ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ដែលមាន ទ្រុងចិញ្ចឹមមាន់ស្រែ ទំហំ ១២ម × ១៨ម ធ្វើអំពីដែក និងកំពុងចិញ្ចឹមមាន់ស្រែ យកសាច់ និងកូនចំនួន១៩៨ក្បាល ក្នុងនោះមាន់មេពូជ ចំនួន ១៨០ក្បាល មាន់ឈ្មោលចំនួន ១៨ក្បាល ។

បន្ទាប់ពីទទួលបាន បច្ចេកទេស ចិញ្ចឹមមាន់ លោក ផុន សេងឌី លក់បានកូនមាន់ សរុបប្រមាណជាង ២០០០កូន និងមាន់សាច់ សរុបប្រមាណ ៥០០គ.ក្រ ។

នាថ្ងៃខាងមុខ លោក ផុន សេងឌី មានគម្រោង បន្តពង្រីកបន្ថែមទៀត ដោយលោកសង្កេតឃើញ ថាបច្ចុប្បន្ននេះ តម្រូវការទីផ្សារមាន់ស្រែ មានកាន់ច្រើនកំណើន តាមរយៈ អ្នកប្រមូលទិញ ចល័តក្នុងស្រុក កសិករទិញកូន យកទៅចិញ្ចឹមផ្ទាល់ ក៏ច្រើនផងដែរ ។

លោក ផុន សេងឌី បានបន្តថា ៖ លោកចាប់ផ្តើមមុខ របរចិញ្ចឹមមាន់ស្រែនេះ នៅឆ្នាំ២០១៨ ដែលបានរៀន សូត្របទពិសោធន៍ ពីលោកស្រី ពុធ សុជា ជាកសិករទទួលបានជ័យលាភី ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីឆ្នាំ២០១៧ ហើយបានបង្ហាញពីការពេញចិត្ត នឹងការចិញ្ចឹមមាន់ថា ជាសេចក្តីស្រឡាញ់ និងបំណងប៉ងប្រាថ្នា ជាយូរមកហើយ ដែលជាក់ស្តែង មកដល់ពេលនេះ បានធ្វើឲ្យគាត់មើលឃើញ ពីភាពជោគជ័យ និងមានមហិច្ឆិតា ពង្រីកបន្ថែមទៀត នាពេលខាងមុខទៀត ។

លោក ផុន សេងឌី បានបង្ហាញពី បទពិសោធន៍ ដែលបណ្តាលឲ្យទទួល បានជោគជ័យនេះ លើកត្តា៥ រួមមាន ៖ ១-ការរៀបចំទ្រុងបណ្តោយថ្ងៃ ឲ្យពន្លឺចូលបានគ្រប់គ្រាន់ ២-ការជ្រើសរើសពូជមេបា ក៏ដូចជាកូនមាន់ ដែលមានសុខភាពល្អ រឹងមាំមិនមានជំងឺ ពូជមាន់ដែលផ្តល់ការ លូតលាស់លឿន ព្រមទាំង ចាក់វ៉ាក់សាំង ការពារជំងឺគ្រប់គ្រាន់ តាមបច្ចេកទេស ៣-ការថែទាំឲ្យ បានដិតដល់ ព្រឹកល្ងាច ដោយការ យកចិត្តទុកដាក់ ៤-ការអនុវត្ត វិធានជីវសុវត្ថិភាព ជាប្រចាំ បាញ់សម្លាប់មេរោគ ទៀងទាត់ ៥-ការផ្សំចំណី ដោយខ្លួនឯង ដែលប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកជាពិសេស ។

ដោយឡែកការផ្សំ ចំណីផ្ទាល់របស់ លោក ផុន សេងឌី សម្រាប់ចិញ្ចឹមមាន់សាច់ អាយុចាប់ពី ២១ថ្ងៃ ឡើងទៅ ដើម្បីបាន ចំណីស្រស់ ៩គ.ក្រ ត្រូវប្រើ សមាសធាតុផ្សំ ដូចខាងក្រោម ៖ ពោតកិន ២គ.ក្រ, កន្ទក់ ១,៥គ.ក្រ, ចុងអង្ករ ០,៥គ.ក្រ, ម៉្សៅត្រី ០,៥គ.ក្រ, អំបិល ១ខាំ, ស្ករ ០,៥ខាំ, ចំណីសម្រេច ២គ.ក, ប្រភេទបន្លែបន្ថែម ៣គ.ក្រ ដោយលាយជាមួយទឹកស្អាត ៣លីត្រ ច្របល់ចូលគ្នា ឲ្យសព្វ ទើបយកទៅដាក់ ឲ្យមាន់ស៊ីភ្លាមៗតែម្តង ។

សូមបញ្ជាក់ថា ចំណីផ្សំនេះ មិនអាចទុក យូរបានទេ ក្រែងជូរផ្អូម ដែលបណ្តាល ឲ្យមាន់ឈឺ។ ការធ្វើបែបនេះ សាច់មាន់ មានរសជាតិឆ្ងាញ់ សុវត្ថិភាព គ្មានមេរោគ សាច់មានគុណភាព និងកាត់បន្ថយចំណាយលើចំណីពីក្រុមហ៊ុនបានមួយចំណែក សម្រាប់កូនមាន់មានអាយុតិចជាង ២១ថ្ងៃ ត្រូវប្រើចំណី សម្រេច (ចំណីក្រុមហ៊ុន) ដែលទិញមក ពីផ្សារស្រាប់ ។

ទន្ទឹមនឹង ភាពជោគជ័យ នេះដែរ មន្ត្រីជំនាញបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានផ្តល់ការណែនាំ តម្រង់ទិសបន្ថែមដូចជា ៖ -គួរធ្វើរបាំង ខណ្ឌពីផ្លូវសាធារណៈ ជៀសវាង ការចម្លងជំងឺ, -គួរពង្រីកការចិញ្ចឹមមាន់ បន្ថែមទៀត ឲ្យបានឆាប់ ក្នុងការបង្កើនកូនមាន់ និងសាច់មាន់ ឲ្យបានច្រើន ដើម្បីឆ្លើយតប តម្រូវការកូនមាន់ និងសាច់មាន់ ទៅលើទីផ្សារ, -ត្រូវពង្រីកការ ដាំបន្លែ ដើម្បីបង្កើន ចំណូលបន្ថែម និងកម្ទេចកំទីបន្លែ យកមកធ្វើ ជាចំណីមាន់ ទោះយ៉ាងណា ការចងក្រងជាក្រុម ឬសហគមន៍ ចិញ្ចឹមមាន់  មានសារៈ សំខាន់ណាស់ ដើម្បីជួយគ្នាទៅវិញ ទៅមកក្នុងការផ្គត់ផ្គង់ ទៅអ្នកប្រមូលទិញ ឲ្យមានជាប្រចាំ រក្សានិរន្តរភាព ទីផ្សារនិងតម្លៃ ល្អប្រសើរផងដែរ ៕