បណ្តាញសង្គម

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងអភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ បែងចែកភារកិច្ច ក្នុងពិធីដង្ហែ និងពិធីបុណ្យសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយុទ្ធពល ខេមភូមិន្ទ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូ អមដំណើរ អភិបាលរងខេត្ត កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ អភិបាលស្រុក ប្រធានមន្ទីរ ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ

បានចុះពិនិត្យទីតាំង ត្រៀមរៀបចំ ពិធីបុណ្យសព និងតាមដងផ្លូវ ដែលត្រូវដង្ហែសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី នៅភូមិគ្រឹះ ស្រុកកំណើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

សពនឹងត្រូវធ្វើការ ដង្ហែពីរាជធានីភ្នំពេញ មកកាន់ទីនេះ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ ដើម្បីប្រារព្ធពិធីបុណ្យ ទៅតាមប្រពៃណីសាសនា ។

ក្នុងដំណើរចុះត្រួតពិនិត្យ ទីតាំងប្រារព្ធ ពិធីបុណ្យសពនោះ នាយឧត្តម សេនីយ៍ ហ៊ីង ប៊ុនហៀង បានបើកកិច្ចប្រជុំ ពិភាក្សាពីផែនការ បែងចែកភារកិច្ចលំអិត នៃការទទួលខុសត្រូវ ក្នុងដំណើរនៃការដង្ហែសព និងកម្មវិធីប្រារព្ធ ពិធីបុណ្យសព តាមប្រពៃណីសាសនា ដើម្បីធ្វើយ៉ាងណា ឲ្យការប្រព្រឹត្ត ទៅធានាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាកម្មវិធីបុណ្យ ទាំងមូលប្រកប ដោយភាពរលូន និងជោគជ័យ ។

សូមជម្រាបថា ៖ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាក្មេក សម្តេចតេជោ ហ៊ុន សែន និង ជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួល មរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ២៖១២នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ ។

បច្ចុប្បន្នសព អ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានតម្កល់ ធ្វើបុណ្យនៅផ្ទះសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ។

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ នៅតាមបណ្តាស្ថាប័ន កំពូលៗរបស់ជាតិ និងមកពីតាម ក្រសួងនានា ត្រូវបានអនុញ្ញាត ឱ្យអញ្ជើញទៅធុជធូបគោរព វិញ្ញាណក្ខន្ធ ។ សពអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវដង្ហែ យកមកបញ្ចុះនៅ ឯស្រុកកំណើត ស្ថិតក្នុង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា ៕