បណ្តាញសង្គម

អភិបាលខេត្ដត្បូងឃ្មុំ ចុះពិនិត្យមើល ការស្ដារប្រព័ន្ធលូ នៅទីប្រជុំជនក្រុងសួង

ត្បូងឃ្មុំ៖ អភិបាលខេត្ដត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៤នេះ បានដឹកនាំក្រុមការងារ ទាំងថ្នាក់ខេត្ដ និងមូលដ្ឋាន ចុះទៅពិនិត្យមើល ការស្ដារប្រព័ន្ធលូ នៅទីប្រជុំជនក្រុងសួង ដើម្បីបង្កើនសោភ័ណ្ហភាព ហើយជាពិសេសនោះ រៀបចំប្រពន្ធលូ ចៀសវាង ការជនលិច នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ។

អភិបាលរងខេត្ដ ដែលអមដំណើរជាមួយ ឯកឧត្តម ហាក់ សុខមករា បានឱ្យដឹងថា ក្រោយពី ឯកឧត្តម បាន ចុះមើល ស្ថានភាព ជាក់ស្ដែង និងណែនាំ ឱ្យក្រុមការងារ មកពីមន្ទីរ សាធារណការខេត្ដ អភិបាលក្រុងសួង អាជ្ញាធរ សង្កាត់ និងអ្នកម៉ៅការ ផ្សារសួង រៀបចំប្រព័ន្ធលូ និងការស្ដារលូ កាលពីចុង ខែសីហា កន្លង ទៅនេះ នៅព្រឹក ថ្ងៃទី0៤ ខែកញ្ញា លោកអភិបាលខេត្ដ បានចុះមក ពិនិត្យផ្ទាល់តែម្ដង ចំពោះការងារមួយនេះ ។

នៅចំពោះមុខ មន្ដ្រីក្រោមឱវាទ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជំរុញឱ្យ បន្ដយកចិត្ដទុកដាក់ ចំពោះបញ្ហាទាំងនេះ ក្នុងគោលបំណងលើក កម្ពស់ សោភ័ណ្ឌភាព ទីក្រុង បរិស្ថាន ហើយជាពិសេសនោះ ជួយទប់ស្កាត់ការ ជន់លិចទឹកហូរ ចូលផ្សារ និងលិចផ្ទះប្រជាពលរដ្ឋ នាពេលកន្លងទៅ ក្រោយពី មានភ្លៀងធ្លាក់ ។

សូមបញ្ជាក់ថា ប្រតិបត្ដិការ ចុះស្ដារប្រព័ន្ធលូ ខាងលើនេះ បានកើតឡើង ក្រោយពីមាន ការរិះគន់ និងបង្ហាញពីកង្វល់ របស់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ដែលរស់នៅ តំបន់ទីប្រជុំ មួយនេះ ដែលកន្លងទៅមានការ រាំងស្ទះ ធ្វើឱ្យទឹកជន់លិច ជះក្លិនស្អុយ ។

ឯកឧត្តម អភិបាលខេត្ដត្បូងឃ្មុំ ក៏បានណែនាំ ឱ្យអាជ្ញាធរមូលដ្ឋាន និង អ្នកម៉ៅការផ្សារ ពិនិត្យមើលការទុកដាក់ សំរាមរបស់ប្រជាពលរដ្ឋ និងអាជីវករ ឱ្យបានត្រឹមត្រូវ ចៀសវាង ការជះក្លិនស្អុយ ។