បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋទីទាល់ក្រ៥០គ្រួសារ ក្នុងស្រុកអូររាំងឪ

(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមជាមួយក្រុមការងារ អញ្ជើញចុះសំណេះសំណាល នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខា កាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ ទីទាល់ក្រ ស្ត្រីមេម៉ាយ និងជនពិការ ចំនួន៥០គ្រួសារ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ដោយក្តីនឹករលឹកពីសំណាក់ ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង ៥០គ្រួសារ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយ ពីសុខទុក្ខពលរដ្ឋខ្មែរ គ្រប់ៗរូប ដោយមិនប្រកាន់ ពូជសាសន៍ សាសនា រឺនិន្នាការ នយោបាយនោះឡើយ «ពោលគឺទីណា ដែលពលរដ្ឋ មានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ » ។

សូមបញ្ជាក់ដែរថា អំណោយដែល ត្រូវបានចែក ជូនជនងាយរងគ្រោះទាំង ៥០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន ២ម៉ឺនរៀល ក៍ដូចជាផ្តល់ជូន នូវស្បៀងអាហារ ម៉ាស់ អាកុល និងថវិការមួយចំនួន ដល់អនុសាខា កាកបាទក្រហម ស្រុកអូររាំងឪ សម្រាប់បន្តចែក ជូនពលរដ្ឋ ជនងាយរងគ្រោះផងដែរ ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងក្រុមការងារ បានបន្តដំណើរចុះទៅត្រួត ពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿង ឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ១០មុឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមកពីក្រៅប្រទេសចំនួន២២នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកអូររាំងឱ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាព ប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យ ជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូល ផ្តុំគ្នាក្នុងអំឡុងពេលនេះនោះទេ ។

ឯកឧត្តមបណ្ឌិត បញ្ជាក់បន្ថែមថា ចំពោះពលករ ទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ ដោយឡែករយៈពេល ១៤ថ្ងៃ ដោយអនុវត្តតាម វិធានការកាពារ របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលចម្លង បន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះ វាអាចឆ្លងយ៉ាងលឿន បំផុតពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងអាចឲ្យយើងស្លាប់បាន បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺនេះ នៅកម្ពុជាយើង ត្រូវបានក្រសួង សុខាភិបាល ប្រកាសជាសះស្បើយ អស់ហើយក៍ដោយក្តី ៕