បណ្តាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ ទទួលយកក្មេងស្រី០២នាក់ ដែលចាញ់បោកមេខ្យល់ ឆ្លងដែនដោយខុសច្បាប់ទៅយកប្តីនៅប្រទេសចិន ពីអាជ្ញាធរវៀតណាម នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្

មុំ អមដំណើរ ដោយលោក ផាន់ គឹមស៊ន ប្រធានច្រកទ្វារអន្តរជាតិត្រពាំងផ្លុង លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានអញ្ជើញទៅទទួលយកក្មេងស្រី០២នាក់ អាជ្ញាធរខេត្តតៃនិញ ប្រទេសវៀតណាម នៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានចាញ់បោកមេខ្យល់ទៅប្រទេសចិនដោយខុសច្បាប់ ។

សូមជម្រាបថា ក្មេងស្រីទាំង២នាក់នេះ រស់នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានចាញ់បោកមេខ្យល់នាំទៅយកប្ដីចិនដោយសន្យាឲ្យលុយចំនួន ៤,០០០$ ចេញតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ទៅប្រទេសវៀតណាម រួចបានបន្តទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ។

ប៉ុន្តែនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ពេលបានចូលទៅដល់ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចវៀតណាមចាប់ឃាត់ខ្លួនទុក ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតំបន់ប្រមូលផ្ដុំសាលាមធ្យមសិក្សាសេដ្ឋកិច្ចបច្ចេកទេសខេត្តតៃនិញ ដោយលទ្ធផលពិនិត្យសំណាក អវិជ្ជមានចំនួន២ដង រួចទើបបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅម៉ោង៩ព្រឹក តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង។

បច្ចុប្បន្នត្រូវបានមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក យកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាត្រសិត ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក រយៈពេល១៤ថ្ងៃបន្ថែមទៀត ។

ក្នុងឱកាសទទួលការវិលត្រឡប់នេះ លោកជំទាវ នី ចាន់ធីតា បានលើកឡើងថា បញ្ហាពលករចំណាកស្រុកចូលមកកម្ពុជាវិញ គឺជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តត្បូងឃ្មុំ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរួចចាកផុតអំពីការជូញដូរមនុស្ស ការឆបោកយកទៅលក់អោយបម្រើការគ្រប់ទម្រង់រូបភាពផ្សេងៗ ជាពិសេសដោយចូលរួមនិងរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធ និងការពារនូវរលកទី២ នៃជំងឺកូវីដ១៩នៅកម្ពុជា។

លោកជំទាវ បន្ថែមថា ក្នុងសកម្មភាពនោះ មានដូចជាការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមរយៈ មន្រ្តីចត្តាឡីស័កដែលនៅផ្ទាល់នឹងច្រកទ្វារព្រំដែនក្រុមគ្រូពេទ្យជំនាញណែនាំប្រជាពលរដ្ឋឱ្យអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ហើយមន្ត្រីជំនាញរបស់សុខាភិបាល និងអាជ្ញាធរខេត្តនីមួយៗ យកចិត្តទុកដាក់ចំពោះពលករ បានន័យថា ត្រូវយកគាត់ មកពិនិត្យសុខភាពឱ្យបានល្អិតល្អន់ការត្រួតពិនិត្យ នេះទៀតសោត គឺធ្វើជាច្រើនលើកច្រើនសារមុន និងអនុញ្ញាតឱ្យធ្វើដំណើរ ទៅកាន់ស្រុកកំណើតរៀងៗ ខ្លួន។

លោកជំទាវ នី ចាន់ធីតា ក៏បានអប់រំណែនាំដល់ ក្មួយស្រីទាំង២នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសវៀតណាម ត្រូវចូលរួមថែរក្សាសុខភាព ដោយប្រកាន់ឱ្យខ្ជាប់ខ្ជួនអនាម័យ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវលាងដៃ និងសាប៊ូឱ្យបានញឹកញាប់ ប្រសិនបើមានរោគសញ្ញាមួយចំនួនដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។

ការធ្វើបែបនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ១៩ ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា៕