បណ្តាញសង្គម

រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវដាក់ឲ្យដំណើរការ ក្រោយរាជរដ្ឋាភិបាលសម្រេចឲ្យខេត្តគ្រប់គ្រងវិញ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងអបអរសាទរ ដែលរដ្ឋបាល ឯកភាពខេត្តត្បូងឃ្មុំ មានមន្ទីរ ជាសេនាអធិការ ផ្ទាល់គឺ មន្ទីរសុខាភិបាល ដោយបានជំរុញ លើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ឱ្យបន្តបង្កើនការ គ្រប់គ្រងគុណភាព នៃការផ្ដល់សេវា សុខភាពទាំង ផ្នែកសាធារណៈ និងឯកជន ដើម្បីបម្រើសេវា ជូនប្រជាពលរដ្ឋ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឳកាស ឯកឧត្តមបណ្ឌិត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពីធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការ សង្គមស៊ីវិល ព្រមទាំងមន្រ្តីរាជការ នៃសុខាភិបាលខេត្តត្បូងឃ្មុំ ជាច្រើនរូបទៀត នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងថា ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ត្រូវដាក់ឲ្យដំណើរការ ក្រោយរាជរដ្ឋាភិបាល សម្រេចឲ្យខេត្ត គ្រប់គ្រងវិញ ដែលនេះ ជាការផ្ទេរមុខងារ និងធនធាន មករដ្ឋបាល ថ្នាក់ក្រោមជាតិ ជាផ្នែកមួយយ៉ាងសំខាន់ នៃការអនុវត្ត គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យកំណែ ទម្រង់រដ្ឋបាល សាធារណៈរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយនេះ ដើម្បីបង្ហាញជូន ដល់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិក សុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចរបស់ លើការគ្រប់គ្រង និងការផ្តល់សេវា សុខាភិបាល ជូនប្រជាពលរដ្ឋ ប្រកបដោយការ ទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព ស្របតាម គោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុង លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្ត ។

ហើយប្រធានមន្ទីរសុខា ភិបាលក៏ត្រូវមានការទទួលខុសត្រូវ និង គណនេយ្យភាព ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែក បច្ចេកទេស និងការតាមដានត្រួតពិនិត្យ លើការផ្តល់ សេវាសុខាភិបាល ដែលបានប្រគល់ ទៅអោយរដ្ឋបាលខេត្ត ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ ក៍បានជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល គ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិក សុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាល ត្រូវសហការ គ្នាឱ្យបានល្អ ក្នុងការបំពេញ ភារកិច្ចការងារ ពាក់ព័ន្ធនឹង ការផ្តល់សេវា សុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួម ការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងរាល់វិធានការ ចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យ បាននូវសុខុមាល ភាពសាធារណៈ និងបញ្ជៀស បាននូវហានិភ័យ នៃការចម្លង មេរោគកូវីដ-១៩ នៅតាមសហគមន៍ ៕