បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៍មាន ចុះសួរសុខទុក្ខ ផ្តល់ថវិកាជូនជនចាស់ជរា និងពលរដ្ឋជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាឱកាសពិធីបញ្ចប់ បួសរ៉ាម៉ាឌន ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កៅ អុីមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកជំទាវ បានចុះសួរសុខទុក្ខ ចែកថវិកានាំជូន លោកតា លោកយាយចាស់ជរា និងពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល ។

ឱកាសបុណ្យ រ៉យ៉ាអុីទីលហ្វីតទ្រី ឯកឧត្តម កៅ អុីមរ៉ន បានកោតសរសើរ ចំពោះសាសនិកឥស្លាម នៅទូទាំងខេត្តត្បូងឃ្មុំ ដែលអនុវត្ត បានខ្ជាប់ខ្ជួន នូវសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួម ទប់ស្កាត់បញ្ហា ជម្ងឺកូវីដ១៩ ក្នុងនោះ បានសហការគ្នា ផ្អាករាល់ពិធី ជួបជុំផ្សេងៗ ក្នុងពិធីបួសរ៉ាម៉ាឌន កន្លងទៅ ក៏ដូចជាពិធីថ្វាយបង្គុំ រ៉យ៉ាអុីទីលហ្វីតទ្រី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដោយបងប្អូន បានអនុវត្តនៅ តាមផ្ទះរៀងៗខ្លួន ។

ឯកឧត្តម បន្តថា ការមិនប្រតិបត្តិ ពិធីនេះ បែបផ្តុំគ្នា ដោយមូលហេតុចូលរួម ទប់ស្កាត់ការឆ្លង ជម្ងឺកូវីដ១៩ គឺមិនមានអ្វីប៉ះពាល់ ដល់ក្បួនច្បាប់ នៃក្របខណ្ឌឥស្លាមទេ តែផ្ទុយទៅវិញ បងប្អូនកាន់តែទទួលបាន ផលបុណ្យ ពីការអត់ធ្មត់ និងផលបុណ្យ នៃការគោរពគោលការណ៍ ណែនាំរបស់ប្រមុខ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក៏ដូចជាគណៈដឹកនាំ ជាន់ខ្ពស់នៃ សាសនាឥស្លាមកម្ពុជា ។

ឯកឧត្តម ក៏បានផ្តាំផ្ញើណែនាំ ឲ្យបងប្អូប្រជាពលរដ្ឋ ត្រូវមានអនាម័យជាប់ជានិច្ច ត្រូវការពារខ្លួន កុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគ ពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ត្រូវគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាល ជាពិសេស ក៏ដូចជាអំពាវនាវ ដល់បងប្អូនទាំងអស់ ខិតខំប្រកបរបរ បន្ថែមទៀត ដូចជាការដាំបន្លែ ផ្លែឈើ នៅតាមផ្ទះជាដើម ដើម្បីជួយកាត់បន្ថយ ក្នុងការចំណាយ ប្រចាំថ្ងៃរបស់ បងប្អូន ធ្វើឲ្យជីវភាព ប្រសើរឡើង ៕