បណ្តាញសង្គម

មន្ទីរទេសចរណ៍ខេត្ត ចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាននៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ដើម្បីឆ្លើយតបទៅ នឹងការការពារ ពីការរីករាលដាល ក៏ដូចជាការត្រៀម លក្ខណៈទុកជាមុន ក្នុងការបង្ការទប់ស្កាត់ នូវជម្ងឺផ្លូវដង្ហើម ដ៏កាចសាហាវ គឺជម្ងឺCovid ១៩ កាលពីចុងសប្តាហ៍ កន្លងទៅនេះ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តី ចុះអប់រំផ្សព្វផ្សាយ និងណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាននៅ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីបន្ត និងបង្កើនការ យកចិត្តទុកដាក់អនុវត្ត ស្តីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។ ការចុះណែនាំ ផ្សព្វផ្សាយដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ធ្វើឡើងដោយយោងការណែនាំរបស់ក្រសួងសុខាភិបាល និងតាម សេចក្តីជូនដំណឹង លេខ ២៤៥/២០ សជណ.តឃ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ លោក អឿន រិទ្ធ ប្រធាន មន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ បានធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវរៀបចំឱ្យមាន ទឹកអាល់កុល ឬជែល សម្រាប់លាងដៃ ត្រូវចាត់អោយមានបុគ្គលិក ធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាត ឱ្យចូលក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន ហើយត្រូវរក្សាគម្លាត សង្គមឱ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល ។

លោក ប្រធាន មន្ទីរទេសចរណ៍ បញ្ជាក់ថា « យោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តត្បូងឃ្មុំ » បើម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមិនអនុវត្ត ទៅតាមការណែនាំ ពាក់ព័ន្ធ នឹងការរក្សាអនាម័យ ក្នុងហាងរបស់ខ្លួន ឲ្យបានត្រឹមត្រូវនោះទេ មន្ទីរទេសចរណ៍ និងមន្ត្រីជំនាញ នឹងធ្វើការបិទជា បណ្តោះអាសន្ន រហូតម្ចាស់ ភោជនីយដ្ឋាន អាហារដ្ឋាន រៀបចំរក្សាអនាម័យ ឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំ ទើបបើកឲ្យដំណើរ ការឡើងវិញបាន ។

លោក អឿន រិទ្ធ ក៏បានថ្លែង អំណរគុណផងដែរ ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន មួយចំនួន ដែលបានអនុវត្តបានល្អ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តត្បូងឃ្មុំ ហើយលោក បានលើកទឹកចិត្ត ឱ្យបន្តការអនុវត្តនេះទៀត ទោះបីជាបច្ចុប្បន្នកម្ពុជា មានសភាពធូរស្រាល ពីជំងឺកូវីដ-១៩ (Covid-19) បន្តិចក៏ដោយ សូមបងប្អូន ប្រជាពលរដ្ឋ ត្រូវតែបន្តប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ។

សូមបញ្ជាក់ថា : ក្នុងខេត្តត្បូងឃ្មុំ មានអ្នកវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០៤នាក់ ត្រូវបានព្យាបាល ជាសះស្បើយទាំង៤នាក់ ហើយត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យត្រឡប់ ទៅផ្ទះរៀងៗខ្លួនផងដែរ ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញ អ្នកឆ្លងមេរោគ COVID-19 ចំនួន ១២៤នាក់( ស្រី៣៩នាក់ ប្រុស៨៥នាក់ ) ព្យាបាលជាសះស្បើយចំនួន ១២២នាក់ ក្នុងនោះ ២នាក់ទៀត ដែលជាករណី ទើបរកឃើញថ្មី ត្រូវបានកំពុងពិនិត្យ ព្យាបាលដោយយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យជំនាញ ៕