Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ និង អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេស ៥០លានដុល្លាររបស់រាជរដ្ឋាភិបាល ជួយលទ្ធភាពឥណទានដល់កសិករ ចិញ្ចឹមសត្វ និងដាំបន្លែ

  • បោះពុម្ព

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំ(ក)គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមសត្វ ត្រី មាន់ ទា និងបន្លែ ក្រោមអធិបតីភាព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

ក្នុងនោះដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការសាលាខេត្ត ព្រមទាំងលោក លោកស្រី អ្នកចិញ្ចឹមសត្វ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងដៃគូអភិវឌ្ឍវារីវប្បកម្មពាក់ព័ន្ធ ដែលមកពីតាមបណ្តា ក្រុង ស្រុក ទាំង ៧ និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកបង្ហាញអំពីស្ថានភាពទូទៅ សក្តានុពលនានារបស់ខេត្ត ក្នុងនោះផ្ទៃដីសម្រាប់ដាំដំណាំកសិកម្ម សរុបទាំង៧ ក្រុង ស្រុក មានចំនួន៨៥% មានច្រកសេដ្ឋកិច្ចចំនួន៧ ច្រកអន្តរជាតិ ០២ ទ្វេភាគី០២ និងច្រកតំបន់ចំនួន០៣ ដើម្បីនាំទំនិញ ចេញ-ចូល ជាមួយប្រទេសវៀតណាម ផ្ដល់ឲ្យមាននូវកំណើនសេដ្ឋកិច្ចខេត្តបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍បន្តថា សហគមន៍កសិកម្មខេត្តត្បូងឃ្ម្មុំ មានផ្ទៃដីដាំដំណាំស្រូវ ១៨,៧៦០ ហ.ត ស្មើនឹង ២៤ភាគរយ នៃផែនការដាំដុះ រួមមានសហគមន៍កសិកម្មក្នុងខេត្ត ចំនួន ២៧សហគមន៍ មានសមាជិកសរុប១,៩៧៨ នាក់ ក្រុមផលិតបន្លែមានចំនួន១៤ក្រុម មានសមាជិកចំនួន ១៩៩គ្រួសារ លើផ្ទៃដីសរុប៧៧,៦២ ហ.ត និងសហគមន៍បន្លែមានចំនួន ០៣ សហគមន៍សមាជិក១២៨គ្រួសារ លើផ្ទៃដី ៣៦ហ.ត។

ថ្លែងនាឱកាសនោះដែរ ឯកឧត្តម កៅ ថាច បានមានលើកឡើងថា ដើម្បីជំរុញអ្នកចិញ្ចឹមសត្វ និងចិញ្ចឹមត្រី បានដឹងពីកញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួនរហូតដល់៥០លានដុល្លារ លើកការគាំទ្រដល់សិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់បានដឹង និងចាប់យកឱកាសនេះ ស្នើសុំឥណទានយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។

ឯកឧត្តម កៅ ថាច គូសបញ្ជាក់ថា ការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសនេះ បានផ្ដល់ឥណទានដែលមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ សម្រាប់ការដំាដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម ក្នុងគោលដៅរួមចំណែកក្នុងការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩។

ឯកឧត្តម អគ្គនាយកក៏បានលើកឡើងអំពីការកំណត់លក្ខខណ្ឌតម្រូវមួយចំនួន ដល់ម្ចាស់សហគ្រាស និង/ឬកសិដ្ឋានគោលដៅ ដើម្បីអាចទទួលបានឥណទាន ដែលមានអត្រាការប្រាក់ទាប៦ភាគរយប្រចាំឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ៦.៥ភាគរយប្រចាំឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) រួមមាន៖ គម្រោងពង្រីកអាជីកម្មរួមចំណែកបង្កើតការងារ ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់នូវឥណទាន សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល និង ទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្ម។

ជាមួយគ្នានេះដែរ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានថ្លែងអំណរគុណដល់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នូវគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជាពិសេសដល់អ្នកចិញ្ចឹមសត្វ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងដៃគូអភិវឌ្ឍវារីវប្បកម្មដែលពាក់ព័ន្ធផងដែរ៕