បណ្តាញសង្គម

ដំណាំតាង៉ែន ខេត្តត្បូងឃ្មុំ កំពុងទទួលផលគួរជាទីពេញចិត្ត និងមានគុណភាពខ្ពស់

ខេត្តត្បូងឃ្មុំ៖ ចំការតាង៉ែន របស់ក្រុមហ៊ុន អាន ម៉ាឌី មួយកន្លែង ស្ថិតនៅក្នុងភូមិកម្មករ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងតែទទួល ផល រយៈ

ពេលបីឆ្នាំជាប់ៗគ្នា ដែលបានបម្រើឱ្យសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងស្រុកអូររាំងឪ ក៏ដូចខេត្តត្បូងឃ្មុំទាំងមូល ក្នុងការទទួលទានផ្លែតាង៉ែនដែលមានសាច់ក្រាស់ ស្រួយ គ្រាប់តូចថែមទាំងមានឱជារសឆ្ងាញ់ពិសារពីធម្មជាតិពិតៗ គ្មានគីមី អាចជួយទ្រទ្រង់ដល់សរីរាង្គនិងសុខភាពរបស់អ្នកហូបបានមួយផ្នែកទៀតផងដែរ ។

លោក សូត សម្ផស្សជាមេការនិងជាអ្នកបច្ចេកទេសចម្ការតាង៉ែនបានរៀបរាប់ឲ្យដឹងថា ចំការតាង៉ែន ដែលកំពុងទទួលផលខាងលើនេះ មានចំនួនជិត ៧ពាន់ដើម ដែលស្ថិតលើផ្ទៃដីទំហំ ៥០ហិចតា ដាំរយៈពេល៦ឆ្នាំហើយ បានទទួលផលបីឆ្នាំជាប់គ្នាទាំងឆ្នាំនេះ ក្នុងឆ្នាំនេះ ឲ្យផលល្អជាងឆ្នាំមុនៗ ។

វាឲ្យផលល្អ យើងបេះលក់មានលក្ខណៈវិលជុំ បេះលក់ម្តងក្នុង១ហិចតា អាចឲ្យផលបានមិនក្រោម១តោននោះទេ ។ តាង៉ែនដាំមិនរើសដីទេ គ្រាន់ដីក្រហមវាឲ្យផលល្អជាងប្រដីខ្មៅ ដីស ដីឥដ្ឋ និងដីរបាយខ្សាច់ ។

យើងប្រើជីធម្មជាតិ NPK និងបាញ់ទឹករាល់ថ្ងៃ ស្រោចឲ្យជោគដើម និងដី ព្រមទាំងមានការថែទាំស្មៅ ដោយប្រើម៉ាស៉ីនជំរះស្មៅ ឲ្យបានស្អាតនៅក្រោមដើមរបស់វា ។

ចំពោះទីផ្សារល្អ គឺមានបងប្រជាពលរដ្ឋ ក្នុងស្រុកអូររាំងឪ ក្នុងខេត្តរបស់យើងបានគ្នាមកទិញដល់ទីចំការតែម្តង ហើយយើងក៏បានបេះដាក់លក់នៅមុខចម្ការស្ថិតក្នុងភូមិ ឃុំ ស្រុក ខាងលើស្របតាមផ្លូវជាតិលេខ១១ ពេលបងប្អូនធ្វើដំណើរឆ្លងកាត់មកពី ទីក្រុងភ្នំពេញ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ។ល។

បាននាំគ្នាទិញយកទៅបរិភោគជាលក្ខណៈគ្រួសារ និងមានម៉ូយទិញយកទៅលក់ផងដែរ ក្នុងតម្លៃពី៦ ទៅ៧ពាន់រៀលក្នុង១គីឡូក្រាម ។

ឃើញថា មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន គុណភាព មិនចាញ់តាង៉ែនដែលនាំចូលពីប្រទេសជិតខាងឡើយ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងដែរថា ខេត្តយើងមានចំការតាង៉ែនធំៗ ចំនួន២កន្លែង គឺចំការស្ថិតក្នុងស្រុកអូររាំងឪ១កន្លែង និង១កន្លែងទៀតស្ថិតក្នុងស្រុកតំបែរ សរុបទាំងការដាំជាលក្ខណៈគ្រួសារមានទំហំផ្ទៃដីជិត ៣០០ហិចតា ។

ការផលិតដាំដំណាំតាង៉ែនក្នុងស្រុកបានប្រកបដោយគុណភាពរសជាតិផ្អែមឆ្ងាញ់ពិសារ វាជាមោទនភាពមួយ ពិសេសបង្កើតការងារក្នុងស្រុក កាត់បន្ថយការចូលតាង៉ែនពីប្រទេសជិតខាង ដែលយើងមិនដឹងការផលិតច្បាស់លាស់នោះ ។

លោក ប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមហ៊ុន អាន ម៉ាឌី បានបន្ថែម ចំនួន ២២៥ហិចតាបន្ថែមទៀត ក្នុងនោះ តាង៉ែន២៥ហិចតានឹងឲ្យផលក្នុងពេលឆាប់នេះ ហើយចំការតាង៉ែនចំនួន២០០ហិចតាទៀតមានអាយុបាន២ឆ្នាំហើយ ពេលវាមានអាយុ៣ឆ្នាំ តាង៉ែនចាប់ប្រមូលផលជាបណ្តើរៗ ដូច្នេះ ពេលខាងមុខតាង៉ែនក្នុងស្រុកអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានមួយចំនួនធំផងដែរ សរុបចំការតាង៉ែនរបស់ក្រុមហ៊ុន អានម៉ាឌី មានចំនួន ២៧៥ហិចតា៕