បណ្តាញសង្គម

វគ្គបណ្តុះបណ្តាលស្តីពីការផ្ដល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះ នៃយេនឌ័រ

ព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នេះ នៅសាលប្រជុំ នៃមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងខ្មុំ អញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលស្ដីពី

"បទដ្ឋានអប្បបរមា សម្រាប់ការផ្ដល់ប្រឹក្សាជាមូលដ្ឋាន ដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ" ។

ដោយវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួម ពីលោក លោកស្រី ប្រធាន -អនុប្រធាន មន្ទីរអង្គ លោក-លោកស្រី អនុប្រធានក្រុមការងារ GBV តំណាងអង្គការ UNFPA និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងបើកនាឱកាសនេះ លោកជំទាវ នី ចាន់ធីតា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល ស្ដីពី បទដ្ឋានអប្បបរមាសម្រាប់ការផ្ដល់ប្រឹក្សាជាមូលដ្ឋាន ដល់ស្ត្រីនិងក្មេងរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានរៀបចំឡើង ដោយមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ដែលបានសហការជាមួយក្រសួងកិច្ចការនារី អង្គការដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជូនគណៈកម្មាធិការឆ្លើយតប និងអំពើហិង្សាទាក់ទងយេនឌ័រថ្នាក់ខេត្ត ក្នុងការផ្ដល់សេវាប្រឹក្សាយោបល់ ផ្ដល់សេវាការពារផ្នែកផ្លូវច្បាប់ កិច្ចអន្តរាគមន៍នានាដល់ស្ត្រី នៅក្មេងស្រីរងគ្រោះដោយអំពើហិង្សាគ្រប់ទម្រង់ប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ បន្តថាក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ទាំងអស់ មានការគាំទ្រយ៉ាងពេញទំហឹង ជាពិសេសមន្ត្រីក្រុមការងារពាក់ព័ន្ធទាំងអស់ នៃគម្រោង អាចទទួលបាននូវចំណេះដឹង ជំនាញ បទពិសោធន៍ ដើម្បីចូលរួមអនុវត្ត ផ្ដល់សេវាគាំទ្រ និងទប់ស្កាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រឲ្យកាន់តែមានភាពល្អប្រសើរ និងសូមប្រកាសបើកវគ្គបណ្តុះបណ្តាល នាពេលនេះ ។

សូមជម្រាបថា ការបើកវគ្គបណ្ដុះបណ្ដាល នេះ ក្រោមការសហការ របស់មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ អង្គការអូស្រ្តាលី AID អង្គការ UNFPA និង អង្គការ ACCESS ដោយ គ្រូឧទ្ទេសនាពេលព្រឹកនេះ រួមមាន លោក រស់ សារ៉ាយអណ្តែត និង លោកស្រី សោម រត្ថនា អ្នកសម្របសម្រួលនៃកម្មវិធីសុខភាពផ្លូវចិត្ត TPO ជាអង្គការចិត្តសង្គមអន្តរវប្បធម៌ តាមរយៈប្រធានបទការផ្តល់ប្រឹក្សាជាមូលដ្ឋាន ដូចជា ៖ ១/ជម្រុញអោយមានការចូលរួមពីស្រ្តីរងគ្រោះ ២/រៀបចំផែនការសុវត្ថិភាពសម្រាប់ស្រ្តីរងគ្រោះ ៣/ការផ្តល់ព័ត៌មានអំពីសេវា និង ការឆ្លើយតបសម្រាប់ជនរងគ្រោះ។