បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសំណះសំណាល ចែកអំណោយជូនពលរដ្ឋជនងាយរងគ្រោះ ២២គ្រួសារ ក្នុងស្រុកអូររាំងឪ និងពលករកំពុងធ្វើចត្តាឡីស័ក៧២នាក់ នៅក្រុងសួង

ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត

រួមជាមួយក្រុមការងារសាខាកាកបាទក្រហម អញ្ជើញចុះសំណេះសំណាល នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាខាកាកបាទក្រហមខេត្ត ចំនួន២២កញ្ចប់ ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ ក្នុងនោះមានជីវភាពខ្វះខាត ទីទាល់ក្រ ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រា ចំនួន១៣គ្រួសារ ពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះ១គ្រួសារ និងរងគ្រោះខ្យល់កន្ត្រាក់៨គ្រួសារ ក្នុងស្រុកអូររាំងឪ ក៍ដូចជាពលករដែលទើបមកពីប្រទេសក្រៅ ចំនួន៧២នាក់ កំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង២២គ្រួសារ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារការឆ្វេងយល់និងដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឃុំគ្រងការសាយភាយជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវភ្លេចខ្លូននោះឡើយ។

ចំពោះអំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង២២គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា អាវយឺត ម៉ាស់ អាកុល ព្រមទាំងថវិការចំនួន០៥ម៉ឺនរៀលសម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត១៣គ្រួសារ និងរងគ្រោះខ្យល់កន្ត្រាក់ស្រាល២គ្រួសារ និង១០ម៉ឺនរៀលសម្រាប់គ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរដោយខ្យល់កន្ត្រាក់០៦គ្រួសារ និងភ្លើងឆេះផ្ទះ០១គ្រួសារ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង រួមទាំងក្រុមការងារបានបន្តដំណើរចុះទៅត្រួតពិនិត្យ សួរសុខទុក្ខពលករដែលទើបមកពីក្រៅប្រទេសចំនួន៧២នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ដោយផ្តល់ជូនថវិការក្នុងម្នាក់០៥ម៉ឺនរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ ជាពិសេសចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចឲ្យយើងស្លាប់បាន ៕