បណ្តាញសង្គម

ពលរដ្ឋខ្មែរ-ឥស្លាម ៦០គ្រួសារ រស់នៅតំបន់អភិវឌ្ឍន៍ថ្មី នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទទួល បានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ

អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ-ឥស្លាមចំនួន ៦០គ្រួសារ រស់នៅសហគមន៍ខ្មែរ-ឥស្លាម ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី នៃភូមិកោះផល ឃុំប៉េីស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការ រងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក ការគិតគូរ ជាមួយនឹងមនោសញ្ចេតនា និងអនុស្សាវរីយ៍ជាច្រេីននៅស្រុកកំណេីតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជាពិសេសក្តីសោមនស្សរីករាយចំពោះការកេីតថ្មីឡេីងវិញនូវភូមិកោះផល ក្នុងស្រុកក្រូចឆ្មារ ដែល មាន សហគមន៍ខ្មែរ-ឥស្លាមរស់នៅតំបន់នេះ។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង ត្រូវមានអនាម័យស្អាតជានិច្ច ជាពិសេស បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ។

បន្ថែមពីនេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កេីនផល ដេីម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព ។

ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅតែជាក្តីព្រួយបារម្ភ របស់ពិភពលោកទាំងមូល ប៉ុន្តែ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺនេះ ដោយមិនឱ្យមានអ្នកស្លាប់ និងគ្រប់គ្រងមិនឱ្យមានការឆ្លងក្នុងសហគមន៍ តាមរយៈការដាក់ចេញនូវ វិធានការច្បាស់លាស់ និងទប់ស្កាត់បាន យ៉ាងទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណ និងកោតសរសេីរចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្ត សប្បុរស និងស្មារតីចែករំលែក បន្តចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ទោះបីជា កាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវា ៨ ឧសភា ឆ្នាំ២០២០ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក៏ដោយ។ ការបរិច្ចាកធនធាន ពីសប្បុរសជនទាំងអស់ បានផ្តល់លទ្ធភាព ដល់ កាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេស ជាពិសេស ការជួយសម្រាលជីវភាពក្នុងកំឡុងពេលកូវីដ-១៩នេះ។

សូមបញ្ជាក់ផងដែរថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) អាល់កុល ១ដប ម៉ាស់ ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕