បណ្តាញសង្គម

ឯកឧត្តមរដ្ឋមន្ត្រី វង សូត នាំយកថវិកាជាង២ម៉ឺន៥ពាន់ដុល្លារ ប្រគេនទានវស្សា និងបញ្ចុះបឋមសីលាសាងសង់ព្រះវិហារវត្តត្រពាំងថ្កូវ ក្នុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកថវិកា២ម៉ឺន៥ពាន់ដុល្លារ ប្រគេនទានវស្សា

និងបញ្ចុះបឋមសីលាសាងសង់ព្រះវិហារ វត្តសិលារង្សី ហៅវត្តត្រពាំងថ្កូវ ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម អភិបាលរងខេត្ត នាយកមូលនិធិជនពិការ ប្រធាន/អនុប្រធានមន្ទីរជំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា មានប្រសាសន៍ថា ៖ ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានថវិកាពីកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ មេត្តាយកថវិកានោះ ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់គ្រួសារ ចៀសវាងយកថវិកាទាំងនោះ ទៅប្រើប្រាស់ខុស ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យ ដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាសឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ត្រូវរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ នៅកម្ពុជា។

សូមបញ្ជាក់ថា ៖ ចំពោះទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ ក្នុងមួយវត្តទទួលបាន ទៀនវស្សា, អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, តែ, ស្ករស, សាដក់ ព្រមទាំងប្រគេនបច្ច័យប្រមាណជាង២៥.០០០$ សម្រាប់កសាងព្រះវិហារវត្តសិលារង្សី ហៅវត្តត្រពាំងថ្កូវ ផងដែរ។