Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដីជាទ្រព្យសម្បត្តិរដ្ឋទាំងអស់ នៅខេត្តត្បូងឃ្មុំ មាន៦៦៩កន្លែង ក្នុងនោះមិនទាន់មានប័ណ្ណកម្មសិទ្ធចំនួន៤៦១កន្លែង, រដ្ឋបាលខេត្ត ជំរុញឲ្យរដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពទាំងអស់ត្រូវពន្លឿន ក្នុងការរៀបចំបញ្ជីសារពើភណ្ឌ

  • បោះពុម្ព

ទ្រព្យសម្បត្ដិរដ្ឋទាំងអស់ ពិសេស ដីរដ្ឋ ដែលមិនទាន់បានចុះក្នុងសៀវភៅបញ្ជីសារពើភណ្ឌ ត្រូវប្រញាប់យកមកចុះបញ្ជី ឲ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីចៀសវាងពីការរំលោភកាន់កាប់ខុសច្បាប់ ឬ

បាត់បង់ជាយថាហេតុ។ ព្រមទាំងស្នើឲ្យមន្ទីរ អង្គភាព រដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទ្រព្យសម្បត្តិរដ្ឋ ដោយត្រូវរៀបចំសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល (ឆ្នាំ២០១៩) របស់ខ្លួន ឲ្យបានឆាប់រហ័សដើម្បីដាក់ឆ្លងគណៈកម្មការធ្វើការត្រួតពិនិត្យ។

នេះជាការជំរុញរួមគ្នា របស់ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអ.ទ.ច និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(ឆ្នាំ២០១៩) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ភូមិ ជាច្រើនរូប។

ឯកឧត្តម សៀក សុភ័គ និងឯកឧត្តម គន់ សុភា ក៍បានក្រើនរំលឹកដល់ ប្រធានអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវគ្រប់គ្រង ថែរក្សា ការពារ និងកត់ត្រាទ្រព្យសម្បត្តិរដ្ឋទាំងអស់អោយបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងត្រូវធ្វើសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល (ឆ្នាំ២០១៩) អោយរួចរាល់ បានត្រឹមត្រូវ ទាន់ពេលវេលា ជៀសវាងមានការយឺតយ៉ាវ ដែលអាចប្រឈមនឹងវិធានរឹតត្បិតខាងចំណាយតាមគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនេះដែរ លោក គឹម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានជម្រាបផងដែរថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺត្រូវបានអនុវត្តតាម២ទម្រង់ គឺទម្រង់ទី១ គឺជាសៀវភៅបញ្ជីសារពើភណ្ឌកត់ត្រាលម្អិត នូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើក្នុងរយៈពេល៥ឆ្នាំម្ដង និងទម្រង់ទី២ គឺជាតារាកើតឡើង និងថយចុះ នូវទ្រព្យសម្បត្តិរដ្ឋ ដែលធ្វើឡើងក្នុង១ឆ្នាំម្តងៗ ក្នុងចន្លោះរយៈពេល៥ឆ្នាំនៃឆ្នាំគោល។

លោក ឲ្យដឹងទៀតថា ជាលទ្ធផលនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(ឆ្នាំ២០១៩) របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត សរុបទាំងអស់មានចំនួន១០៣អង្គភាព ដោយឡែកប័ណ្ណកម្មសិទ្ធដីជាសម្បត្តិរដ្ឋ មានសរុប៦៦៩កន្លែង ក្នុងនោះដីមានប័ណ្ណកម្មសិទ្ធ(ប្លង់) ចំនួន២០៨កន្លែង និងដីគ្មានប័ណ្ណកម្មសិទ្ធ(ប្លង់) មានចំនួន ៤៦១កន្លែង។

លោក គឹម ទិត្យា ក៏បានសំណូមពរដល់បណ្ដាអង្គភាពទាំងអស់សូមរៀបចំសៀវភៅបញ្ជីសារពើភណ្ឌប្រចាំឆ្នាំ ២០១៩ ឲ្យបានឆាប់រហ័ស ដើម្បីដាក់ឆ្លងគណៈកម្មការពិនិត្យ ឲ្យបានរួចរាល់តាមការកំណត់៕