បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះ ចំនួន៥២គ្រួសារ ក្នុងស្រុកតំបែរ

ដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពលរដ្ឋ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខា

កាកបាទក្រហមខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ នាយក-នាយករងសាខាកា សមាជិកគណ:កម្មាធិកាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុកតំបែរ និងអ្នកពាក់ព័ន្ធ បានចុះសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុង២គ្រួសារ និងខូចខាតខ្លះៗ១៤គ្រួសារ ព្រមទាំងប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពក្រីក្រលំបាក ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ ចំនួន៣៦គ្រួសារ សរុប៥២គ្រួសារ ក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និងជនងាយរងគ្រោះ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។

ឯកឧត្តមបណ្ឌិតបន្តថា ក្រោមការយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយមិនអោយនរណាម្នាក់ អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ គឺទីណាមានទុក្ខលំបាក មានកាកបាទក្រហមកម្ពុជា គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនរើសអើងពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «អំណោយចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន និងសូមអោយបងប្អូនរៀចចំផ្ទះសម្បែងឡើងវិញ និងខិតខំប្រកបរបរចិញ្ចឹមជីវិត ក៍ដូចជាដាំដំណាំផ្សេង ដើម្បីធ្វើអោយកម្រិតជីវភាព បានប្រសើរឡើងវិញ។

ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ ពិសេសត្រូវអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា ។

សូមជម្រាបថា ចំពោះអំណោយដែលចែកជូននាពេលនោះ សម្រាប់គ្រួសាររងការខូចខាតដោយខ្យល់កន្ត្រាក់ ១៦គ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិការចំនួន១០ម៉ឺនរៀល ជូន០២គ្រួសារខូចខាតផ្ទះធ្ងន់ធ្ងរ និងថវិការ០៥ម៉ឺនរៀល ជូន១៤គ្រួសារដែលខូចខាតផ្ទះតិចតួច ចំណែកប្រជាពលរដ្ឋ៣៦គ្រួសារ ជនងាយរងគ្រោះមានជីវភាពក្រីក្រលំបាក ក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគដូចគ្នា ព្រមទាំងថវិការចំនួន០២ម៉ឺនរៀល៕