បណ្តាញសង្គម

កូនឈើ១៣០០ដើម ត្រូវបានដាំនៅក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២០

កូនឈើ៦ប្រភេទ សរុប១៣០០ដើម រួមមាន៖ គ្រញូង បេង ធ្នង់ គីនីន ក្ងោក និងច័ន្ទគីរី ត្រូវបានដាំលើផ្ទៃដីទំហំប្រមាណ៣.៥ហិចតា នៅបរិវេណមាត់ទន្លេសប្បនិមិ្មតតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខាទិវា ៩កក្កដា ឆ្នាំ២០២០ ដើម្បីលម្អសោភ័ណភាព ផ្តល់ខ្យល់និងបរិយាកាសល្អ និងជាផ្នែកមួយនៃគម្របបៃតងផែនដី។

ពិធីដាំកូនឈើនេះធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងថា ព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានសារសំខាន់ មិនត្រឹមតែទ្រទ្រង់ជីវិតរបស់មនុស្សនិងសត្វតែប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវគុណប្រយោជន៍ដ៏ធំធេងជាច្រើនទៀត ក្នុងការប្រកបមុខរបរ ការស្នាក់នៅដំណើរ ទេសចរណ៍កំសាន្តសោភ័ណ្ឌភាព ភាពត្រជាក់ត្រជុំជាដើម។

ព្រៃឈើផ្តល់នូវតុល្យភាពរក្សាលំនឹងបរិស្ថានធម្មជាតិ និងការពារស្ថិតស្ថេរនៃពិភពផែនដីរបស់យើង ព្រៃឈើ អាចកាត់បន្ថយយ៉ាងច្រើននូវគ្រោះធម្មជាតិ ដូចជាភាពរាំងស្ងួត ទឹកជំនន់ ការកើនឡើងនូវកំដៅ ទប់ស្កាត់ការហូរច្រោះ។

ឯកឧត្តមបណ្ឌិត បន្តទៀតថា ការនាំគ្នាដាំដើមឈើនាពេលនេះ គឺជាចូលរួមចំណែកទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុបានមួយផ្នែក គឺបណ្តាលមកពីកត្តាព្រៃឈើ នៃបរិស្ថានធម្មជាតិ។

ឈើផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងបានផ្តល់ផល ប្រយោជន៍ដទៃទៀត សម្រាប់សកលលោក និងប្រទេសយើងទាំងមូល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃឈើ ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុមព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា។

សូមជម្រាបថា ៖ កូនឈើចំនួន១៣០០ដើម រួមមាន ក្រញូង ៤០០ដើម, ធ្នង់២០០ដើម, បេង ៣០០ដើម, ចន្ទគីរី ២០០ដើម, គីនីន១៥០ដើម និងក្ងោក៥០ដើម ត្រូវបានដាំលើផ្ទៃដីប្រមាណ៣.៥ហិចតា នៅតាមបណ្តោយមាត់ទន្លេសិប្បនិម្មិតទីរួមខេត្តដើម្បីលម្អសោភ័ណភាព ផ្តល់ខ្យល់និងបរិយាកាសល្អ និងជាផ្នែកមួយនៃគម្របបៃតងផែនដី៕