បណ្តាញសង្គម

អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងអភិបាលរងស្រុកក្រូចឆ្មារថ្មី០២រូប

ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាស្រុកក្រូចឆ្មារ ខេត្តត្បូឃ្មុំ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខ

តំណែងអភិបាលរង នៃគណៈអភិបាលស្រុកក្រូចឆ្មារ ចំនួន ០២រូប ។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក -លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត / អភិបាល អភិបាលរង នៃគណៈអភិបាលស្រុក លោកមេបញ្ជាការ លោកអធិកា កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ រួមនឹងមន្ត្រីរាជការ ភ្ញៀវកិត្តិយស ជាច្រើនរូប ។

មានមតិស្វាគមន៍ នាឱកាសនោះ លោក សយ ទូច អភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មារ បានជម្រាបជូន គណៈអធិបតី និងសមាជិកនៃអង្កពិធី អំពីរបាយការណ៍ អភិវឌ្ឍ រីកចម្រើន របស់ស្រុក ដែលបានអនុវត្តន៍ លើគ្រប់វិស័យ បានល្អកន្លងមក។

តមក លោក ហ៊ាង សុភី នាយកស្ដីទី ទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានអាននូវសេចក្តីប្រកាស ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកក្រូចឆ្មារ របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

អភិបាលរងស្រុកក្រូចឆ្មារថ្មីទាំង ០២រូប រួមមាន លោក ស៊ឹម ប៊ុនអៀន និងលោកស្រី អ៊ន អេងឡាយ បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំបំពេញតួនាទី ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ គោរពគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខដឹកនាំ ដោយបន្តខិតខំពង្រឹងចំណងសាមគ្គីភាពដែលមានកន្លងមក ដាក់ខ្លួនបម្រើ រាប់អាន សហការ រាល់ភារកិច្ចការងារ / បំពេញគ្រប់ភារកិច្ចដោយយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ / ត្រៀមខ្លួនជានិច្ច ដើម្បីទទួលយកគ្រប់ការងារដែលរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំប្រគល់ជូន និងជាពិសេស បម្រើការងារជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ ។

ឯកឧត្តម ហាក់ សុខមករា ប្រសាសន៍លើកឡើងថាអភិបាលរងស្រុក ដែលត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកក្រូចឆ្មារ គឺជាដំណើរការធម្មតា នៃការរៀបចំចូលកាន់តំណែង ក្នុងនាមមុខងារសាធារណៈ ដើម្បីបន្តនិរន្តរភាពការងារ និងការចូលរួមបង្កើន សមត្ថភាព ការងារ នៅការដឹកនាំស្រុកឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

តាមរយៈការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈ និងរបៀបរបបក្នុងការអនុវត្តការងារ ។

ឯកឧត្តម មានប្រសាសន៍ផ្តាំផ្ញើរ ដល់ថ្នាក់ដឹកនាំស្រុកទាំងអស់ ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក និងគណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គ្រប់គោលការណ៍របស់រដ្ឋ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ។

ជាចុងក្រោយ ឯកឧត្តម មានប្រសាសន៏ ដោយបន្ត អប់រំ ផ្សព្វផ្សាយ សូមឱ្យមានការចូលរួមទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ នឹង អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធនឹងការរាតត្បាត ចម្លងបន្ត នៃជំងឺ covid -១៩ នៅកម្ពុជា ។