បណ្តាញសង្គម

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តការងាររបស់រដ្ឋបាលខេត្ត

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ក)សាលាខេត្ត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣នាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកក្រុមប្រឹក្សាខេត្ត បានចូលរួមកែតម្រូវក្នុងអង្គប្រជុំនេះ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យផងដែរ។

ឯកឧត្ដម ស៊ាក ឡេង បន្តថា ៖ ដើម្បីឲ្យខេត្តត្បូងឃ្មុំយើង មានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួននៅតាមមូលដ្នាន។

លើសពីនេះ ទៅទៀតការចុះជួយតាមមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលដែលជំងឺកូវិត ១៩ ដែលជាជំងឺរាតត្បាតជាសកល។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើប្រជាពលរដ្ឋទាំងអស់ដែល ទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពារ របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្ត នៃជំងឺកូវីត-១៩ ព្រោះថាជំងឺនេះ វាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

សូមបញ្ជាក់ថា ៖ របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣នេះ នាឱកាសនោះ រួមមាន : ១.ពិនិត្យនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២.ពិនិត្យពិភាក្សា និង អនុម័ត លើសេចក្ដីព្រាងរបាយការណ៍រីកចំរើនប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និង៣.បញ្ហាផ្សេងៗ (បងថវិកាមូលនិធិមណះសង្គ្រោះសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត) ។