បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានតម្លៃប្រមាណជិត ១,៤លានដុល្លារ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថាគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាសន្តិសុខ

សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសត្រូវទប់ស្កាត់ឲ្យបាន នូវការឆ្លងបន្តចូលក្នុងសហគមន៍ នៃជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីដ៍ខ្ពស់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានតម្លៃប្រមាណជិត ១,៤លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមទាំងអភិបាលខេត្តកំពង់ចាម និងព្រៃវែង ស្នងការនគរបាលតាមបណ្តាខេត្តនានា ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ មន្ដ្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សម្ដេចឧបនាយករដ្ឋមន្រ្តី ក៍បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ត្រូវបន្តខិតខំថែរក្សាសុខសន្តិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទន្ទឹមគ្នានឹងការបន្តអនុវត្តវិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ពិសេសការទប់ស្កាត់មិនឱ្យជំងឺនេះឆ្លងជាលក្ខណៈសហគមន៍។

សម្ដេចបានថ្លែងកោតសរសើរអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធដែលបានសហការត្រួតពិនិត្យសុខភាពពលរដ្ឋពេលឆ្លងដែនចូលប្រទេស ព្រមទាំងរៀបចំដាក់ចត្តាឡីស័កតាមវិធានសុខាភិបាល។

ជាមួយគ្នានោះ សម្តេចក្រឡាហោម បានថ្លែងនូវការកោតសរសើរចំពោះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ ដែលបានដោះស្រាយ បញ្ចប់បញ្ហាជំលោះដីធ្លីដ៍រាំរ៉ៃ រាប់សិបឆ្នាំ ក្នុងស្រុកតំបែរ ដោយប្រើយុទ្ធសាស្ត្រឈ្នះៗបានយ៉ាងល្អផងដែរ។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៍បានថ្លែងអំណរគុណរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំកសាងបាននូវសមិទ្ធផល និងបំពេញការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្ថានភាពដែលខេត្តមួយនេះទើបតែបង្កើតថ្មី ពិសេសការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

ដោយឡែក បញ្ហាចរាចរណ៍នៅតែជាប្រធានបទសំខាន់ដែលសម្ដេចបន្តមានប្រសាសន៍អំពាវនាវដោយទទូចឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ដើម្បីបញ្ចៀសគ្រោះថ្នាក់បាត់បង់ជីវិត និងរងរបួស ខណៈបញ្ហាគ្រឿងញៀនត្រូវបានសម្ដេចសង្កត់ធ្ងន់ថាបញ្ហានេះ ក៏ដូចគ្នានឹងបញ្ហាចរាចរណ៍ដែរ គឺរាជរដ្ឋាភិបាល និងអាជ្ញាធរ នៅតែបន្តប្ដេជ្ញាចិត្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុខសុវត្ថិភាព អាយុជីវិត ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ និងសេចក្ដីសុខក្នុងសង្គម ត្បិតបញ្ហាទាំងពីរនេះនៅតែជាបញ្ហាធំ។

ចប់ប្រសាសន៍សំណេះសំណាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ព្រមទាំងគណៈអធិបតី បានអញ្ជើញដាំកូនឈើជានិមិតរូប និងអញ្ជើញទស្សនាសមិទ្ធផលនានានៃស្នងការដ្ឋាននគរបាលខេត្តត្បងឃ្មុំ។

បើតាមរបាយការណ៍លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ទីតាំងស្នងការដ្ឋាននគរបាលខេត្តត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦៥,០០៤ម៉ែត្រការ៉េ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំងាយប្រមាណ១គីឡូម៉េត្រពីសាលាខេត្តត្បូងឃ្មុំ ជាអតីតដីចំការម៉ៃសាក់ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៨ ហើយប្រើរយៈពេលសាងសង់សរុប២០ខែទើបរួចរាល់ជាស្ថាពរ ទាំងអគារ និងហេដ្ឋារចនាសម្ព័ន។

លោកឧត្តមសេនីយ៍ទោបានឱ្យដឹងទៀតថាសមិទ្ធផលសម្ពោធនៅថ្ងៃនេះរួមមាន អគារបំពេញការងារតាមផែនជំនាញចំនួន៧អគារ, សាលប្រជុំ១អគារ, អគារស្នាក់នៅសម្រាប់កងអន្តរាគមន៍ពិសេស និងកម្លាំងពន្លត់អគ្គីភ័យ២អគារ, អហារដ្ឋានចំនួន២, ជម្រកស្នាក់នៅបណ្ដោះអាសន្នសម្រាប់កងកម្លាំង, អគារឃាត់ខ្លួនបណ្ដោះអាសន្ន, រោងរថយន្ត៥ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន របងបេតុងព័ទ្ធជុំវិញប្រវែងជាង១ពាន់ម៉ែត្រ ក្លោងទ្វារចំនួន៣ ផ្លូវ និងទីធ្លាចាក់បេតុង ប្រព័ន្ធទឹកភ្លើងក្រោមដី អណ្ដូងទឹក ស្លាកអនុសាសន៍ថ្នាក់ដឹកនាំកំពូល ស្លាកអំពីប្រវត្តិស្ថាបនិក និងសប្បរសជន ព្រមទាំងសួនច្បារលម្អរ សរុបថវិកាចំណាយអស់១,៣៨៤,១៦៨ដុល្លារអាមេរិក៕