បណ្តាញសង្គម

អភិបាលរងខេត្តត្បូងឃ្មុំ បើកការដ្ឋានសាងសង់ផ្សារសម្បត្តិហេង ក្រោយសង់រួចនឹងជួយលើការនាំយកកសិផលរបស់ប្រជាកសិករចេញទៅកាន់ទីផ្សារបរទេស

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានសម្តែងនូវការរីករាយ ក្រោយផ្សារសម្បត្តិហេង សាងសង់រួចនឹងជួយលើទីផ្សារក្នុងការទទួលទិញ

និងនាំកសិផលរបស់ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស នាំចេញទៅកាន់ទីផ្សារបរទេស បង្កើនទីផ្សារជូនប្រជាកសិករ ជំរុញលើកទឹកចិត្តក្នុងការដាំដុះ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងបែបនេះ ក្នុងឳកាសឯកឧត្តម និងឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងលោកឧកញ៉ា សម្បត្តិ ហេង អគ្គនាយកក្រុមហ៊ុន «បុរីសម្បត្តិ ហេង»គ្រុប, លោកឧកញ៉ា សូ សេត និងលោកស្រី អញ្ជើញបើកការដ្ឋានសាងសង់ផ្សារបុរីសម្បត្តិហេង និងបើកគម្រោងដាក់លក់ជាផ្លូវការផ្ទះល្វែង ខុនដូរប្រណិត ធ្វើឡើងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយស អតិថិជន និងបុគ្គលិកប្រមាណ៣០០នាក់។

ឯកឧត្តម គឹម ជាតិ និងឯកឧត្តម ពាង ណារិទ្ធ បានសម្តែងនូវការសប្បាយរីករាយ ដែលបណ្តាអ្នកវិនិយោគជាច្រើន បានមកបណ្តាក់ទុនរកស៊ីនៅលើទឹកដីខេត្តកូនពៅមួយនេះ នេះគឺជាការចូលរួមចំណែកពីវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើវិស័យអចលនៈទ្រព្យ ការសាងសង់លំនៅដ្ឋាន រួមនឹងផ្សារ ជាលក្ខណៈស្តង់ដារទំនើប ជួយស្វែងរកទីផ្សារជូនប្រជាកសិករ សម្រាប់ខេត្តត្បូងឃ្មុំ ដែលជាខេត្តដែលទើបតែបានបង្កើតថ្មី ស្ថិតក្រោមការដឹកនាំដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យកម្ពុជារីកចម្រើនឥតឈប់ឈរ កម្រិតជីវភាពរបស់ពលរដ្ឋកាន់តែប្រើសើរឡើង។

ជាមួយគ្នានោះដែរ លោកឧកញ៉ា សម្បត្តិហេង និងលោកឧកញ៉ា សូ សេត ក៍បានបង្ហាញនូវចក្ខុវិស័យផងដែរថា ក្រោយសាងសង់រួច ផ្សារនេះនឹងដាក់លក់ទំនិញគ្រប់ប្រភេទ ពិសេសនឹងទទួលទិញ និងនាំកសិផលរបស់ប្រជាកសិករ នាំចេញទៅកាន់ទីផ្សារបរទេស។

ដោយឡែក ស្របពេលដែលគម្រោងបុរីសម្បត្តិហេងបានផុសរូបរាងឡើង ពិតជាបំពេញនូវតំរូវការជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេសដែលចង់បានលំនៅដ្ឋានស្អាតបែបស៊ីវិល័យទំនើប មានគុណភាពល្អ តម្លៃសមរម្យ ។

មួយវិញទៀតគឺជាការរួមចំណែកបង្ហាញនូវប្រណិតភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកូនពៅមួយនេះ ហើយតាមរយៈការវិនិយោគលើវិស័យអចលនៈទ្រព្យអគារផ្ទះល្វែងធំៗនេះ ក៍បានចូលរួមបង្ហាញពីកម្រិតជីវភាពពលរដ្ឋ ការរីកចម្រើនអភិវឌ្ឍន៍ក្នុងខេត្ត ពិសេសជួយលើកកម្ពស់មុខមាត់ខេត្តត្បូងឃ្មុំបានថែមមួយកម្រិតទៀតផងដែរ។

សូមជម្រាបថា ផ្សារសម្បត្តិហេងនេះ គឺជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនសម្បត្តិ ហេង គ្រុប និងក្រុមហ៊ុនឧកញ៉ា សូ សេត បានសហការបណ្តាក់ទុនជាមួយក្រុមហ៊ុន សេវេណដេ (7day)នៃប្រទេសអេស៊ីប ក្នុងនោះក៍មានលក់ផ្ទះល្វែង និងខុនដូរដ៏ល្អប្រណិតផងដែរ ដែលមានទីតាំងស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ៥០ម៉ែត្រ ពីគល់ស្ពានគីហ្សុណា ព្រំប្រទល់ជាប់ទីរួមខេត្តកំពង់ចាម៕