បណ្តាញសង្គម

ឯកឧត្តម ត្រាំ អ៊ីវតឹក និង ឯកឧត្តម ប្រាជ្ញ ចន្ទ ចុះពិនិត្យស្ថានភាព ទីតាំងដែលត្រូវស្ថាបនាផ្លូវ សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលពីថ្ងៃទី២ ខែកញ្ញា កន្លងទៅ ប្រតិភូអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យ ស្ថានភាពទីតាំង ដែលត្រូវស្ថាបនា ផ្លូវចូលបម្រើការងារ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមមានសំណង់ មន្ទីរ ស្ថាប័ននានា នៅខេត្តត្បូងឃ្មុំ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវទទួលបន្ទុកស្ថាបនាផ្លូវ ចំនួន ៦ខ្សែ ចូលរដ្ឋបាល របស់សាលាខេត្តត្បូងឃ្មុំ រួមមាន ទី១ ផ្លូវភ្លោះតភ្ជាប់ពី ផ្លូវជាតិលេខ៧ ទៅ ដល់អាង ទឹកតាវ៉ាន់ មានទទឹង ៤២ម៉ែត្រ បណ្តោយប្រវែងជាង ៥គីឡូម៉ែត្រ, ទី២ ផ្លូវភ្លោះតភ្ជាប់ ពីផ្លូវជាតិលេខ៧៣ កាត់តំបន់ពាណិជ្ជកម្ម និងភ្ជាប់ទៅផ្លូវ ក្រវ៉ាត់ក្រុងខាងលិច មានទទឹង៤២ ម៉ែត្រ បណ្តោយប្រវែងជាង ៣គីឡូម៉ែត្រ, ទី៣ ផ្លូវភ្លោះតភ្ជាប់ពី ផ្លូវជាតិលេខ៧៣ ត្រង់រង្វង់មូល តាភួង មកដល់អាងទឹកតាវ៉ាន់ មានបណ្តោយ ប្រវែងជាង ៣គីឡូម៉ែត្រ ទី៤ ផ្លូវភ្លោះកាត់ទទឹងតំបន់ រដ្ឋបាល ប្រមូលផ្តុំ ដោយតភ្ជាប់ពី ផ្លូវជាតិលេខ៧៣ ទៅផ្លូវក្រវ៉ាត់ ក្រុងខាងជើង មាន បណ្តោយប្រវែងជាង ១គីឡូម៉ែត្រ ទី៥ ផ្លូវក្រវ៉ាត់ក្រុង ក្នុងនោះមាន ផ្លូវក្រវ៉ាត់ក្រុង ខាងលិចខ្សែ ទី១ មានបណ្តោយ ប្រវែងជាង ១គីឡូម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុងខាង លិចខ្សែទី២ មានបណ្តោយ ប្រវែងជាង ៤គីឡូម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុង ខាងជើងខ្សែទី៣ មានបណ្តោយ ប្រវែងជាង ៣គីឡូម៉ែត្រ និងទី៦ ផ្លូវរំដោះចរាចរណ៍ មានទទឹង ២២.៥ម៉ែត្រ និងមានបណ្តោយ ប្រវែងជាង ៣គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា ក្នុងនាមក្រសួង សាធារណការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈ ឧបករណ៍បច្ចេកទេស គ្រឿងចក្ររួចរាល់អស់ ហើយ គឺរងចាំតែ ឱកាស នៃពេលវេលា រដូវប្រាំងមកដល់ ខាងមុខនេះ ក្រសួង នឹងចាប់ផ្តើមអនុវត្ត ការងារខាងលើ នេះតែម្តង។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីយ៉ាងណាក៏ដោយ នៅក្នុង រដូវវស្សានេះ ក្រោយពីទទួលបាន ស.ជ.ណ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី ក៏ដូចទីតាំងជាក់ ស្តែង ជាជំហានដំបូង ក្រសួងនឹង ចាប់ផ្តើមធ្វើការសិក្សា លើគម្រោងស្ថាបនាផ្លូវ ទាំងអស់នេះ ឲ្យបានឆាប់រហ័សបំផុត ដើម្បីឲ្យការងារ ខាងលើនេះ ទទួលបានជោគជ័យ និងមានភាពរលូន ចាំបាច់ត្រូវមានការ ចូលរួមសហការ ពីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ពិសេស ការចូលរួមពីអាជ្ញា ធរដែនដី ខេត្តត្បូងឃ្មុំតែម្តង៕