បណ្តាញសង្គម

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញកាន់បិណ្ឌវេនទី ៣ នៅវត្តតេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ ជាវត្តទើបបានបង្កើតថ្មីក្នុងទីរួមខេត្ត

រសៀលថ្ងៃសៅរ៍ ៣ ខែភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

ព្រមទាំងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានអញ្ជើញជាអធិបតី ក្នុងពិធីសូត្រមន្តកាន់បិណ្ឌ វេនទី ៣ នៅវត្តតេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ គឺស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ ។

លុះព្រឹកឡើង ថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡាក់ អេងវន សា៊កឡេង ព្រមទាំង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ឧត្តមភរិយា ឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដោយរួមមាន លោកតា លោកយាយ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ ដោយមានរាប់បាត្រ និងប្រគេននូវទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ចេយ្យ ជូនវត្តតេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ដោយមានសទ្ធាជ្រះថ្លា របស់ ឯកឧត្តម ស៊ាក ឡេង និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានប្រគេនបច្ច័យដាក់នៅថ្ងៃកាន់បិណ្ឌទី ៣ នេះ ទុកជាកសាងសមិទ្ធិផលនានាបន្តក្នុងវត្តតេជសុវណ្ណភូមិ ដែលជាវត្តទើបបានបង្កើតថ្មី ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានចំនួន ១៤,០៤៤,៤០០រៀល ព្រមទាំងប្រគេនគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនដល់ព្រះសង្ឃនៅទីអារាមមួយនេះផងដែរ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក និងក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមបណ្ដាទីវត្តអារាមនានា ។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕