បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តសំរោងបុរី និងអំពាវនាវពលរដ្ឋត្រូវរួមគ្នាបន្តបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ នារដូវបុណ្យភ្ជុំបិណ្ឌនេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អំពាវនាវពលរដ្ឋទាំងអស់ត្រូវរក្សាគម្លាត កុំប្រមូលផ្តុំជួបជុំ ត្រូវពាក់ម៉ាស់

និងរក្សាអនាម័យដោយលាងដៃជាមួយអាកុលឫសាប៊ូ ឲ្យបានជាប់ជាប្រចាំ ។ បន្ថែមពីនេះ ត្រូវចូលរួមបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងធម្មការ និងសាសនា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នារដូវបុណ្យភ្ជុំបិណ្ឌនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ណែនាំក្រើនរំលឹកបែបនេះ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ព្រមទាំងលោកតាលោកយាយ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ វេនបិណ្ឌទី៤ នៅវត្តសំរោងបុរី ស្ថិតនៅភូមិរៀវ ឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ដោយសទ្ធាជ្រះថ្លា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានប្រគេនបច្ច័យដាក់ជើងបិណ្ឌទី៤នេះ ទុកកសាងសមិទ្ធិផលជាបន្តក្នុងវត្តសំរោងបុរី ចំនួន ៧,៧០០,០០០រៀល ព្រមទាំងប្រគេនគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនដល់ព្រះសង្ឃនៅទីអារាមមួយនេះផងដែរ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតាញាតិកា ទាំង៧ សន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមក ទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕