បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តីនិងកុមារ (គ.ក.ស.ក) ថ្នាក់ខេត្ត

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តីនិងកុមារខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីតួនាទី ភារកិច្ច

និងរបៀបរបបការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តីនិងកុមារ (គ.ក.ស.ក) ថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមពី លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិក សមាជិការ (គ.ក.ស.ក) ថ្នាក់ខេត្ត ជាច្រើនរូបទៀត។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលនាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្តនិងកុមារ (គ.ក.ស.ក)របស់ក្រុមបឹ្រក្សាខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ០០៦/១៩ សសរ.ក្រ.ស ចុះថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩ ដែលតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈកម្មាធិការត្រូវអនុវត្តឱ្យ បានស្របទៅតាមប្រកាសលេខ៤២៧៥ ប្រ.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៩ របស់ក្រសួង មហាផ្ទៃ។

ឯកឧត្តម បន្តថា ៖ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនេះ មានគោលបំណង ឲ្យសមាជិកគ.ក.ស.កទាំងអស់ យល់ច្បាស់ពីខ្លឹមសារសំខាន់ បន្ថែមក្នុងសៀវភៅណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ គ.ក.ស.ក របស់ក្រុមបឹ្រក្សាខេត្ត និងពង្រឹងសមត្ថភាពបន្ថែម ដល់សមាជិកគ.ក.ស.កខេត្ត ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍ណែនាំ ជាពិសេសស្របតាមប្រកាសលេខ ៤២៧៥ ប្រ.ក របស់ក្រសួងមហាផ្ទៃ។

ម្យ៉ាងទៀត វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនាថ្ងៃនេះ មាន៤មេរៀន ក្នុងនោះមាន ទី១.តួនាទី និងភារកិច្ចរបស់គ.ក.ស.ក, ទី២.កិច្ចប្រជុំរបស់ គ.ក.ស.ក ទី៣.ការគាំទ្រសកម្មភាពអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងស្ដ្រី និងកុមារ និងទី៤.យន្ដការគាំទ្រការអនុវត្តមុខងាររបស់គណៈកម្មការ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមផ្ដោតការយកចិត្តទុកដាក់ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ យកចំណេះដឹងទាំងនេះពីគ្រូឧទ្ទេសឲ្យអស់លទ្ធភាព និងប្រើប្រាស់គ្រប់វិធីសាស្រ្ដ ក្នុងការផ្ទេរចំណេះដឹងបន្ថែម ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារដទៃទៀត ដើម្បីឲ្យពួកគាត់មានសមត្ថភាពចាត់ចែងការងារនេះឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ពាង ណារិទ្ធ បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និង លទ្ធផលការងាររបស់លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលកន្លងមកផងដែរ៕