បណ្តាញសង្គម

គ្រូបង្គោលនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ទទួលបានចំណេះដឹងនិងជំនាញលើសកម្មភាពថែទាំភ្នែកបឋម ស្ដីពីអភិបាលកិច្ចល្អ ក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃកន្លងមក

ក្រោយពីសិក្សាស្វែងយល់ពីបញ្ហាភ្នែក និងការថែទាំភ្នែក ក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីអភិបាលកិច្ចល្អ លើសកម្មភាពថែទាំភ្នែកបឋមដល់មន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភពី

អង្គការ EYE CARE FOUNDATION សហការជាមួយកម្មវិធីជាតិ នៃក្រសួងសុខាភិបាល និងរៀបចំដោយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អស់រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ដល់១១ ខែកញ្ញារួចមក។

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាលហើយ ក្រោមវត្តមាន លោកឱសថការី ផល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោកចក្ខុបណ្ឌិត យូ ពិសិដ្ឋ តំណាងកម្មវិធីជាតិ សុខភាពភ្នែក នៃក្រសួងសុខាភិបាល ក្នុងនោះ ក៏មានការចូលរួមពី មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត OD (អូឌី ) មន្ទីរពេទ្យក្រុង/ស្រុក នៅទូទាំងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោកចក្ខុបណ្ឌិត យូ ពិសិដ្ឋ តំណាងកម្មវិធីជាតិ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ៖ ដោយមើលឃើញពីផលវិបាកនៃជំងឺភ្នែក ដែលជាវត្ថុដល់មានតម្លៃជាងគេក្នុងជីវិតមនុស្ស ទើបកម្មវិធីជាតិ សុខភាពភ្នែក នៃក្រសួងសុខាភិបាល សហការជាមួយអង្គការ EYE CARE FOUNDATION បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់មន្ត្រីថ្នាក់មូលដ្ឋាន នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អោយយល់ច្បាស់ពីជំនាញបច្ចេកទេសភ្នែកបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាល នៃចក្ខុរោគជាពិសេសគឺជំងឺភ្នែក ដែលអាចជួយឲ្យប្រជាជនកម្ពុជា ដែលបានកើតជំងឺភ្នែកនេះ ។

ថ្លែងសំណេះសំណាលក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរ លោកឱសថការី ផល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ៖ ដើម្បីអោយវគ្គបណ្ដុះបណ្ដាលស្ដីពីអភិបាលកិច្ចល្អ លើសកម្មភាពថែទាំភ្នែកនេះទទួលបានជោគជ័យ យើងត្រូវបង្កើនសមត្តភាពដល់គ្រូបង្គោលថ្នាក់ខេត្ត ដោយផ្ដោតលើចំណេះដឹងលើការព្យាបាលជំងឺភ្នែកឲ្យបានច្បាស់លាស់ជាមុនសិន ក្នុងការជួយជំរុញ និងវិនិច្ឆ័យទៅលើប្រភេទជំងឺភ្នែក ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមកទទួលបាននូវសេវាព្យាបាលភ្នែកប្រកបដោយសុវត្តិភាពនិងទាន់ពេលវេលា។

លោក បានណែនាំដល់គ្រូបង្គោលថ្នាក់ខេត្ត ដែលទទួលបានការបណ្ដុះបណ្ដាល ទៅលើសកម្មភាពថែទាំភ្នែកនាឱកាសនេះ ត្រូវបណ្ដុះបណ្ដាលជំនាញនិងចំណេះដឹងបន្ត ទៅដល់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានក្រុង ស្រុក មណ្ឌលសុខភាព ដើម្បីឈានឆ្ពោះទៅលុបបំបាត់ ក្នុងការកាត់បន្ថយនៃភាពខ្យោយកំហើយ ទៅតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ។

លោកឱសថការី ផល ពន្លឺ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាមុខនិងតំបន់ជុំវិញភ្នែក ឲ្យបានស្អាត ព្រមទាំងការការពារពីកម្តៅថ្ងៃខ្លាំង ខ្យល់ និងរបួស នឹងអាចបង្ការបាននូវបញ្ហាញឹកញាប់ជាច្រើនដែលបង្កគ្រោះថ្នាក់ដល់ភ្នែក ឬធ្វើឲ្យវារមាស់ ឡើងក្រហម ឬឈឺចាប់។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានជំងឺភ្នែកកើតឡើង ត្រូវមកធ្វើការពិនិត្យ ព្យាបាល នៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពនៅទូទាំងខេត្ត ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ឲ្យមានជីវិតល្អប្រសើរឡើងវិញបន្ទាប់ពីបានជាសះស្បើយ៕