បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សំណេះសំណាលលើកទឹកចិត្តមន្ត្រីសាលាខេត្តត្បូងឃ្មុំ ចែកជូនថវិការ-ប្រេងសាំង ជួយសម្រួលក្នុងការធ្វើដំណើរ និងធ្វើបុណ្យទាននាស្រុកកំណើត ក្នុងឳកាសភ្ជុំបិណ្ឌនេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នារសៀលថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២០នេះ

បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្តសរុបចំនួន១៣៩នាក់ ព្រមទាំងចែកជូនប័ណ្ណប្រេងសាំង និងថវិការមួយចំនួន ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៍ដូចជាជួយសម្រួលក្នុងការធ្វើដំណើរ និងធ្វើបុណ្យទាននាស្រុកកំណើត ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍នូវការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទ:មនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យក្នុងភារកិច្ចការងារ ជូនរដ្ឋបាលខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកមន្ត្រីរាជការ ក្នុងឳកាសធ្វើដំណើរទៅភូមិឋាននាស្រុកកំណើត ត្រូវបើកបរដោយប្រុងប្រយ័ត្នខ្ពស់ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ ពិសេសត្រូវអនុវត្តន៍ និងគោរពច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ ក្នុងនាមជាមន្ត្រីរាជការមួយរូប ជាគំរូនៃពលរដ្ឋ។

ជាមួយគ្នានេះ ក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវការពារការឆ្លងនៃមេរោគនេះ ដោយបន្តពាក់ម៉ាស់ រក្សាអនាម័យជាប់ជានិច្ចលាងដៃជាមួយអាកុលឬសាប៊ូ ពោលគឺត្រូវចង់ចាំថា <<ការពារប្រសើរជាងព្យាបាល>> ពិសេសនៅពេលទៅស្រុកកំណើត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងបងប្អូនប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ឯកឧត្តមបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌនេះ៕