បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ អនុញ្ញាតឲ្យ គណៈប្រតិភូនគរបាល ខេត្តតៃនិញ ចូលជួបសម្ដែងការគួរសម នៅសាលាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ  និង ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានអនុញ្ញាតឲ្យ គណៈប្រតិភូនគរបាល ខេត្តតៃនិញ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ងង់ គ័ងឡុង ប្រធានមន្ទីរនគរបាល ខេត្តតៃនិញ និងលោក ហ្វៀង ហៃហ្វឿង មេបញ្ជាការយោធា ការពារព្រំដែន ខេត្តតៃនិញ ចូលជួបសម្ដែងការគួរសម នៅសាលាខេត្តត្បូងឃ្មុំ និងសំណេះសំណាល សួរសុខទុក ព្រមទាំងជួយ ឧបត្ថម្ភលើកទឹកចិត្ត ដល់អង្គភាព ក៏ដូចជា មន្ត្រីកងកំលាំងប្រដាប់ អាវុធខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ មានសេចក្ដីសោមនស្ស រីករាយក្រៃលែង សូមសម្ដែងការស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះប្រតិភូមិត្ត ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ និងតំរូវការចាំបាច់នានា ដល់កងកំលាំង ក៏ដូចជាអង្គភាព របស់យើង ។

ផ្ដើមចេញពីមនោសញ្ចេតនា មិត្តភាពសាមគ្គី រវាងរដ្ឋាភិបាល និងប្រជាជនវៀតណាម ជាមួយកម្ពុជា ក្នុងការចូលរួម យ៉ាងសកម្ម នៃដំណើរការ កសាងអង្គភាព ធនធានមនុស្ស និងអភិវឌ្ឍន៍ តំបន់ព្រំដែន នៃខេត្តទាំងពី ខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ធានាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ តស៊ូបង្កាទប់ស្កាត់ ប្រឆាំងបទល្មើស ឆ្លងដែន និងបង្កលក្ខណៈ ងាយស្រួល ដល់ប្រជាពលរដ្ឋ ឆ្លងដែន ផ្លាស់ប្ដូរទំនិញ ដោយស្របច្បាប់ សួរសុខទុក្ខ និងព្យាបាលជម្ងឺ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម និយាយរួម ដោយឡែកថ្នាក់ដឹកនាំ និងកងកំលាំង ប្រដាប់អាវុធ ខេត្តតៃនិញ ដែលបានជួយ ឧបត្ថម្ភថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាក់ស្ដែងស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ បានទទួលនូវប្រាក់ ជាជំនួយឧបត្ថម្ភ ចំនួន ១.០០០.០០០.០០០ដុង និងតំបន់ប្រតិបត្តិការ សឹករង ខេត្តត្បូងឃ្មុំ ចំនួន ៥០០.០០០.០០០ដុង (វៀតណាម) ក្នុងការជួយដល់ ដំណើរការរៀបចំ អង្គភាព បណ្ដោះអាសន្ន និងតំរូវការចាំបាច់នានា ដែលទាំងអស់នេះ សបញ្ជាក់ឲ្យឃើញ ថែមទៀតនូវ ភាពជឿជាក់ រឹងមាំនៃចំណង សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ រវាងកងកំលាំងនគរបាល និងកងទ័ពប្រជាជន វៀតណាម ជាមួយបណ្ដា កងកំលាំងប្រដាប់អាវុធ កម្ពុជា ក្នុងបុព្វហេតុ រួមសហការ តស៊ូប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ចំពោះសកម្មភាព ដែលបំផ្លិចបំផ្លាញ សន្តិសុខ សណ្ដាប់ធ្នាប់ តាមខ្សែបន្ទាត់ព្រំដែន នៃខេត្តទាំងពីរ ពិសេសគឺ សកម្មភាពឃោសនា ញុះញង់ បំបែកបំបាក់ ចំណងសាមគ្គីភាព មិត្តភាព រវាងប្រជាជាតិទាំងពី ឲ្យរឹតតែល្អប្រសើរ ៕