បណ្តាញសង្គម

មន្ត្រីច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង ចំនួន៥២នាក់ ទទួលបានវិញ្ញាបនបត្រពី ក្រសួងទេសចរណ៍

ត្បូងឃ្មុំ៖ ក្រសួងទេសចរណ៍ បានពង្រឹងចំណេះដឹងបន្ថែម ដល់មន្ត្រីសមត្ថកិច្ច ច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង ផ្នែក «បដិសណ្ឋារកិច្ច និងសេវាកម្ម ភ្ញៀវទេសចរណ៍» តាមរយៈ វគ្គបណ្តុះបណ្តាល ចំនួន២ថ្ងៃ ហើយឈានផ្តល់ វិញ្ញាបនបត្រ ដល់មន្ត្រីចំនួន ៥២នាក់ នៅរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រចាំការ នៅច្រកអន្តរជាតិមួយនេះ ។

ឯកឧត្តម ព្រំ ឌុចបូរ៉ានឿន តំណាងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោយពីអស់លោក លោកស្រី បានបញ្ចប់ ការសិក្សានេះទៅ សូមឲ្យអស់លោកត្រូវ ធ្វើយ៉ាងណាត្រងត្រាប់ រិះរកវិធីដែលល្អៗ គួបផ្សំ និងឯកសារជាក់ស្តែង ដែលយើងបាន ឆ្លងកាត់កន្លងមក យកមកប្រៀបធៀបគ្នា តើវាមានចំណុចប្រឈម ត្រង់កន្លែងណាខ្លះ មានការលំបាក កន្លែងណាខ្លះ វាសំខាន់ស្ថិត នៅលើអស់លោក លោកស្រី ដែលជាសមត្ថកិច្ច នៅច្រកទាំងអស់ ត្រូវធ្វើយ៉ាងណា យកចិត្តទុកដាក់ ពិសេសមានឆន្ទះក្នុងការអនុវត្ត នូវគោលការណ៍ របស់រាជរដ្ឋាភិបាល ។ សំខាន់នៅលើអារម្មណ៍ នៅលើពាក្យសំដី អត្តចរិក នៅលើកាយវិការ ផ្សេងៗ ត្រូវតែយកមកអនុវត្តផ្ទាល់ សម្រាប់បន្តអនុវត្ត ការងារប្រចាំថ្ងៃ របស់យើង ។

ឯកឧត្តម ហោ សារុន អនុរដ្ឋលេខា ក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាអន្តរក្រសួង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល មុខជំនាញរយៈពេល ២ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើបដិសណ្ឋារកិច្ច និងសេវាកម្ម ភ្ញៀវទេសចរ សេវាកម្មទំនាក់ទំនង ប្រកបដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ការធ្វើគារវកិច្ចគន្លឹះសំខាន់ ដើម្បីធ្វើជាម្ចាស់ សេវាកម្ម លក្ខណៈធ្វើឲ្យភ្ញៀវ ចាប់អរម្មណ៍ បែបបទនៃ ការសម្អិតសម្អាងកាយ ការរៀបចំខ្លួន ជាមន្ត្រីសមត្ថកិច្ច បម្រើការងារនៅ ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ដែលជាមន្ត្រីជួរមុខ ក្នុងការធ្វើបដិសណ្ឋារកិច្ចផ្ទាល់ ជាមួយគណៈប្រតិភូ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសទៅទៀត ចេះយល់ដឹងបន្ថែមពី គន្លឹះសំខាន់ៗ នៃសេវាកម្ម ដែលជាការចាំបាច់ ក្នុងការអនុវត្តប្រើប្រាស់ ការងារប្រចាំថ្ងៃនៅ តាមអង្គភាពរបស់ខ្លួន នៅច្រកទ្វារនេះ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៤នេះ យើងទទួលបានភ្ញៀវទេសចរ អន្តរជាតិចំនួន ២.៨៨៨.៦៧០នាក់ ក្នុងកំណើន៤,២% បើធ្វើការប្រៀបធៀប ទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៣ ។ យើងរំពឹងគិតថា ក្នុងឆ្នាំ២០១៤ កម្ពុជានឹងទទួលបាន ភ្ញៀវទេសចរអន្តរជាតិ ចំនួនប្រមាណ ៤,៦លាននាក់ ក្នុងកំណើនពី ៧% ទៅ៨% ឆ្នាំ២០១៥ ប្រមាណ ៥លាននាក់ និងឆ្នាំ២០២០ ប្រមាណពី ៧,៥លាន ទៅ៨លាននាក់ ជាមួយនឹងឧិកាសការងារ ដោយផ្ទាល់ប្រមាណ ៨០០.០០០នាក់ និងដោយប្រយោល រាប់សិបម៉ឺននាក់ទៀត ៕