បណ្តាញសង្គម

មន្ត្រីរាជបណ្ឌិតសភាកម្ពុជា ស្លាប់ និងរបួស ៥នាក់ ដោយសារក្រឡាប់រថយន្ត នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ មន្ត្រីរាជបណ្ឌិត សភាកម្ពុជាម្នាក់ បានស្លាប់ និង០៤ទៀត រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ ក្រឡាប់រថយន្ត កាលពីវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ នៅចំណុច ចំការកៅស៊ូរដ្ឋ ស្ថិតក្នុងភូមិស្លា ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា ករណីក្រឡាប់រថយន្ត បង្កឡើងដោយ រថយន្តម៉ាក មីតស៊ុយប៊ីស៊ី ពាក់ស្លាកលេខ 2N-5819 បើកបរដោយ ឈ្មោះ ឯម សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៤៥ឆ្នាំ ធ្វើការនៅ រាជបណ្ឌិតសភាកម្ពុជា ស្នាក់នៅរាជធានី ភ្នំពេញ បានបើកបរ ពីលិចទៅកើត លុះមកដល់ ចំណុចកើត ហេតុខាងលើ អ្នកបើកបរ បានអោនយកនំ ដើម្បីយកមកហូប ពេលនោះរថយន្តបាន រេចង្កូតទៅ ចិញ្ចើមផ្លូវ ហើយក៏បុក ជាមួយបង្គោល ស្លាកសញ្ញាចរាចរណ៍ បន្ថយល្បឿន បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ នៅកន្លែងកើតហេតុ និង ០៤នាក់ទៀតរងរបួស ធ្ងន់២នាក់ និងស្រាល ២នាក់ ចំណែករថយន្ត ខូចខាតជាទម្ងន់ ។

លោកស្នងការបាន បញ្ជាក់ថា ជនរងគ្រោះ ទី១- ឯម សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកបើកបរ របួសធ្ងន់ ទី២-ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ទី៣-ឈ្មោះ លាវ ផារុណ ភេទប្រុស រងរបួសធ្ងន់ ទី៤-ឈ្មោះ ហ៊ាន ស្រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ របួសស្រាល និងទី៥-ឈ្មោះ សាន លាង ភេទប្រុស របួសស្រាល អ្នកទាំង ៥នាក់ សុទ្ធតែធ្វើការនៅ រាជបណ្ឌិត សភាកម្ពុជា និងមានទីលំនៅរាជធានី ភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានឲ្យដឹងទៀតថា ក្រោយពេល កើតហេតុ លោកបានបញ្ជា ឲ្យកម្លាំងនគរបាល ចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ ដើម្បីដឹកបញ្ជូន ជនរងគ្រោះទៅ កាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់ ត្រូវ បញ្ជូនទៅ ធ្វើបុណ្យនៅ រាជបណ្ឌិត សភា ។

សូមបញ្ជាក់ថា ជនរងគ្រោះដែល ស្លាប់បាត់ជីវិត គឺទើបតែទទួល សញ្ញាបត្រថ្នាក់បណ្ឌិត នាពេលថ្មីៗ កន្លងទៅនេះ៕