បណ្តាញសង្គម

សិប្បករ ខេត្ត​ត្បូងឃ្មុំ កែច្នៃ​ខ្សែ​ក្រវាត់​ ពី​កម្ទេច​គ្រញូង និងខ្លឹមឈើផ្សេងទៀត

ត្បូងឃ្មុំ៖ ខ្សែក្រវាត់ ជាគ្រឿងលម្អកាយមួយប្រភេទ របស់មនុស្ស ដែលត្រូវគេកែច្នៃ ផលិតវាចេញពីវត្ថុផ្សេងៗ ទៅតាមការនិយមចូលចិត្ត និងតាមគំនិតច្នៃប្រឌិត របស់ក្រុមសិប្បករ។ ខ្សែក្រវាត់ ភាគច្រើនត្រូវគេ ផលិតចេញពី ជាតិជ័រទន់ស្វិត ក្រណាត់ស្វិត លោហៈ ស្បែកសត្វពស់ ស្បែកក្រពើ ឬសត្វពាហនៈដទៃទៀតជាដើម។

ដោយឡែក ក្រុមសិប្បករកែច្នៃខ្មែររស់នៅឯ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា ឯណោះវិញ ពួកគាត់ បានផុសគំនិតច្នៃប្រឌិត ដ៏ចម្លែកមួយ ដោយការសម្រិតសម្រាំង និងកែខៃនូវ កម្ទេចឈើគ្រញូង និងខ្លឹមឈើផ្សេងទៀត មកធ្វើជាខ្សែក្រវាត់ សម្រាប់លម្អកាយរបស់ ក្រុមបុរសៗទាំងក្មេង និងវ័យកណ្តាល ខណៈឈើប្រណីតទាំងនេះ កាន់តែមានភាពកម្រ។

អ្វីដែលកាន់តែពិសេសនោះ គឺក្បាលខ្សែក្រវាត់គ្រញូង ត្រូវបាន សិប្បករខ្មែរ កែច្នៃមានម៉ូដ ឬសណ្ឋានច្រើន បែបមានដូចជា រូបក្បាលនាគ ក្បាលខ្លា រូបប្រាសាទអង្គរវត្ត និងរូបនិមិត្តសញ្ញាផ្សេងៗ ទៀតតាមតម្រូវការ និងការកុម្ម៉ង់ ចង់បានរបស់អតិថិជន។

លោក សុខ មានលាភ ជាឈ្មោះសិប្បនិម្មិត របស់ម្ចាស់សិប្បកម្ម គ្រឿងតុ ទូ កៅអី ធ្វើពីឈើ និងខ្សែក្រវាត់ ដែលស្ថិតនៅក្នុង ស្រុកអូររាំងឪ។

លោក បានឲ្យដឹងថា៖ «របរសិប្បកម្ម ធ្វើខ្សែក្រវាត់ពីឈើនេះ យើងបានប្រកប រយៈពេលជិតមួយឆ្នាំហើយ»។

សិប្បកម្មនេះ មានជម្រើសពីរសម្រាប់អតិថិជន។ ទីមួយប្រសិនបើ ពួកគាត់មានដុំឈើស្រាប់ គ្រាន់តែយកមកជួល យើងធ្វើខ្សែក្រវាត់នេះបាន ខណៈថ្លៃឈ្នួលខ្សែក្រវាត់ មួយតម្លៃពី ២០ ដុល្លារ ទៅ ២៥ ដុល្លារ។ ចំណែកជម្រើសទីពីរ គឺការជាវផ្ទាល់ ក្នុងតម្លៃមួយគ្រឿង ប្រមាណជា ៤០ ដុល្លារ។

ម្ចាស់សិប្បកម្មរូបនេះ បន្តទៀតថា៖ «តម្លៃរបស់វា ដូចជាថ្លៃបន្តិចហើយ តែយើងក៏ចំណាយពេល មិនតិចម៉ោងដែរ ក្នុងការផលិតវា។ ខ្សែក្រវាត់មួយគ្រឿង យើងបានប្រើពេល ពីរទៅបីថ្ងៃ ឯណោះទើបផលិតវា បាន។ យើងបានស្វានរន្ធតូចនោះ ចំកណ្តាលបន្ទះឈើតូចៗដោយប្រើខ្សែ ហ្វ្រាំងកង់ ជាស្នូលភ្ជាប់បន្ទះឈើ ដែលយើងបានប៉ូលា លាបថ្នាំឲ្យភ្លឺរលោងនោះ។ ចំពោះរូបរាង ក្បាលខ្សែក្រវាត់ មានច្រើនជម្រើស គឺយើងអាចធ្វើទៅតាម ការកុម្ម៉ង់ចង់បានរបស់ភ្ញៀវ ទោះបីជារូបក្បាលនាគ ក្បាលខ្លា ក្បាលពស់ ក្បាលសិង្ហ រូបប្រាសាទអង្គរវត្ត និងរូបឡូហ្គោអ្វី ក៏បានដែរ»។

ប៉ុន្តែសិប្បកម្មកែច្នៃ ខ្សែក្រវាត់ពីកម្ទេចគ្រញូង និងកម្ទេចឈើផ្សេងៗនេះ គេហាក់ដូចជា ពុំទាន់មានអ្នកប្រើប្រាស់ច្រើន បានស្គាល់នៅឡើយទេ លើកលែងតែក្រុមបុរសៗ ជាគ្រូបង្រៀន និងបុរសមួយ ចំនួនទៀតនៅក្នុង ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម ប៉ុណ្ណោះ ដែលបានស្គាល់ និងបានប្រើប្រាស់វាតាមគ្នា និងពេលបានឃើញ មិត្តភក្តិពាក់វា។

តាមសម្តីរបស់ និស្សិតស្រីម្នាក់ឈ្មោះ ផន សុម៉ាវតី ដែលរៀននៅសាកលវិទ្យាល័យ ឯកជនមួយ ហើយនាង មានលំនៅឋាននៅក្នុង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បាននិយាយថា៖ «នាងខ្ញុំឃើញ លោកគ្រូៗដែលបង្រៀន ស្ទើរនៅក្នុងស្រុក នាងខ្ញុំភាគ ច្រើនបានជាវខ្សែក្រវាត់គ្រញូង នេះមកប្រើ។ ខ្សែក្រវាត់គ្រញូងនេះ មើលទៅស្អាត ហើយគួរឲ្យចាប់អារម្មណ៍ ម្យ៉ាងដែរសម្រាប់ ចំណាប់អារម្មណ៍នាងខ្ញុំ ផ្ទាល់»។

លោក កាន សុខេម សាស្រ្តាចារ្យ រស់នៅភ្នំពេញ វ័យជាង ៣០ឆ្នាំ ដែលជាសាស្រ្តារ្យបង្រៀន នៅសាកលវិទ្យាល័យ ឯកជនមួយក្នុង ក្រុងកំពង់ចាម ដែលបានជាវខ្សែក្រវាត់ គ្រញូងមួយចំនួន ដើម្បីប្រើផ្ទាល់ខ្លួន និងបានផ្ញើ ដល់បងប្អូនសាច់ញាតិ របស់លោកនោះបាននិយាយថា៖ «ខ្ញុំបានទិញខ្សែក្រវាត់ គ្រញូងនេះចំនួន ៦ គ្រឿងដែលរាងក្បាល ខ្សែក្រវាត់ មានរូបក្បាលនាគ រូបសត្វសិង្ហ និងប្រាសាទអង្គរវត្ត ដើម្បីប្រើខ្លួនឯងមួយ ខណៈមួយចំនួនខ្លះទៀតខ្ញុំបានផ្ញើទៅឲ្យ បងប្អូនរស់នៅ ប្រទេសអូស្រ្តាលី មួយគ្រឿង សហរដ្ឋអាមេរិកមួយគ្រឿង និងបីគ្រឿងទៀតជូន បងប្អូនសាច់ញាតិ នៅស្រុកខ្មែរ។ ខ្សែក្រវាត់នេះ វាមានលក្ខណៈបែប ជាសិប្បកម្មកែច្នៃ គួរឲ្យចាប់អារម្មណ៍ និងជាវត្ថុអនុស្សាវរីយ៍ ដ៏ល្អផងដែរ»៕