បណ្តាញសង្គម

សិក្ខាសាលាប្រចាំឆ្នាំ ស្ដីពី គម្រោងកសិកម្មធន់ នឹងការប្រែប្រួលអាកាសធាតុ ក្នុងផលិតកម្មដំណាំដំឡូងមី

 ត្បូងឃ្មុំ ៖ ដើម្បីឆ្លើយតបទៅ នឹងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានមុំមួយ នៃយុទ្ធសាស្ត្រនេះ បានផ្ដោតលើការ អភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីជំរុញកំនើនសេដ្ឋកិច្ចឲ្យមានការរីកចំរើន

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅសាលា ស្រុកត្បូងឃ្មុំ បានបើកសិក្ខាសាលា ប្រចាំឆ្នាំ ស្ដីពីគម្រោង កសិកម្មធន់ នឹងការប្រែប្រួល អាកាសធាតុ ក្នុងផលិតកម្ម ដំណាំដំឡូងមី ក្រោមអធិបតីភាព លោក សេង សុខឃឿន អភិបាលរង នៃគណៈអភិបាល ស្រុកត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងលោក kitinya kirina តំណាងអង្គការ SNV ដោយមានការអញ្ជើញ ចូលរួមពី អាជីវករលក់ដូរ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក kitinya kirina ឡើងមានចំណាប់ អារម្មណ៍របស់គម្រោងអង្គការ SNV រួចមក លោក ហេង ពិសិដ្ឋ បានបញ្ជាក់ថា ៖ ខេត្តត្បូងឃ្មុំ មានតំបន់ខ្ពង់រាប តំបន់ទំនាបទទួល តែរបបទឹកភ្លៀង និងតំបន់ទំនាប ទទួលរងរបប ទឹកជំនន់ទន្លេមេគង្គ តំបន់ខ្ពង់រាប មានទំហំស្ទើរតែ ២/៣នៃផ្ទៃដីខេត្ត គ្របដណ្ដាប់ទៅដោយ ដីក្រហម អំណោយផលដល់ ដំណាំកសិឧស្សាហកម្ម ដូចជា កៅស៊ូ ដំឡូងមី ពោត សណ្ដែក ម្រេច និងដំណាំកសិឧស្សាហកម្ម មួយចំនួនទៀត ។

លោក បានបន្តទៀតថា ៖ ដំឡូងមី ដែលមានផ្ទៃដី ដាំដុះប្រមាណ ៥០,៤៣២ ហិកតា ផ្ដល់ផលក្នុងរង្វង់ ២០តោន ក្នុងមួយហិចតា បានរួមចំណែក ក្នុងការបង្កើតការងារ និងប្រាក់ចំណូល របស់គ្រួសារកសិករ ។ ទន្ទឹមនឹង មោទនភាពនេះដែរ ដំណាំដំឡូងមី របស់ប្រជាកសិករ ក៏ប្រឈម នឹងកត្តាជម្ងឺ កត្តាសត្វល្អិតចង្រៃ និងកត្តាទីផ្សារ កសិផលដែលមិនមាន ស្ថេរភាពជាដើម ។

លោក សេង សុខឃឿន មានប្រសាសន៍ថា ៖ សិក្ខាសាលានេះ មានគោលបំណង ចូលរួមចំណែក ទប់ស្កាត់ទៅ នឹងការប្រែប្រួល អាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ ដឹកនាំដោយសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញ នូវផែនការយុទ្ធសាស្រ្ត ទប់ស្កាត់ការប្រែប្រួល អាកាសធាតុពី ឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ ដោយបានដាក់ចេញ នូវយន្តការ ផ្សព្វផ្សាយភាពធន់ នឹងអាកាសធាតុក្នុង វិស័យកសិកម្ម រួមមាន ពិពិតកម្មកសិកម្ម ឬការធ្វើកសិកម្មចម្រុះ ការបង្កើតនូវ ផលិតភាពកសិកម្ម វារីវប្បកម្ម ផលិតកម្មសត្វ និងព្រៃឈើជាដើម បង្កើតពូជដំណាំថ្មីៗ ដែលធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុ ។ គោលបំណងសំខាន់មួយទៀត គឺការបង្កើន នូវចំណេះដឹង ក្នុងកម្រិតគ្រួសារ និងសហគមន៍ ដើម្បីបង្កើនសមត្ថភាព ក្នុងការឆ្លើយតបទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុ ។

លោក សេង សុខឃឿន បានផ្ដាំផ្ញើដល់ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ សិក្សារៀនសូត្រជំនាញនេះ ឲ្យបានល្អ ដើម្បីយកទៅអនុវត្ត និងផ្សព្វផ្សាយបន្ត ជូនដល់អ្នកពាក់ព័ន្ធនានា នៅតាម ស្រុក ឃុំ សង្កាត់ ពិសេសត្រូវអនុវត្តគម្រោង កសិកម្មធន់ នឹងការប្រែប្រួល អាកាសធាតុ ក្នុងផលិតកម្ម ដំណាំដំឡូងមី នេះឲ្យបានល្អប្រសើរផងដែរ ៕