បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ បិទការប្រកួតវាយសីថ្នាក់ខេត្ត និងផ្តល់ម៉ូតូ១គ្រឿង លើកទឹកចិត្តក្រុមជ័យលាភីលេខ១

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បិទការប្រកួតវិញ្ញាសារកីឡាវាយសី នៃការប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមបណ្ឌិត

អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ០៧មករា ១៩៧៩- ០៧ មករា ២០២១ ដែលធ្វើឡើងនៅក្លឹបវាយសីចំការកៅស៊ូជុប ស្ថិតក្នុងស្រុកត្បូងឃ្មុំ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

មានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមកីឡាករខិតខំបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យកីឡា ក៍ដូចជាចូលរួមជួយលើកមុខមាត់ខេត្តផងដែរ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានប្រកាសបង្កើតសមាគមន៍ក្លឹបវាយសីខេត្តត្បូងឃ្មុំជាផ្លូវការ ដោយមាន លោកឧកញ៉ា អាន ម៉ារ៉ាឌី ជាប្រធានក្លឹប លោក ឧកញ៉ា ន៉ែន សុភក្រ ជាអនុប្រធានក្លឹប ហើយឯកឧត្តមផ្ទាល់ ជាប្រធានកិត្តិយស ដើម្បីជំរុញធ្វើយ៉ាងណាឲ្យកីឡាវាយសីក្នុងខេត្ត កាន់តែផុសផុលបន្ថែមទៀត សំដៅជ្រើសរើសជើងឯកថ្នាក់ខេត្ត បន្តប្រកួតប្រជែងនាថ្នាក់ជាតិ និងអន្តរជាតិជាបន្ត ។

សូមជម្រាបថា៖ តាមរយៈការប្រកួតយ៉ាងស្វិតស្វាញទាំងទាំង១៥ក្រុម ជាលទ្ធផល ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាវាយសីស្តេចកន ទទួលបានពានរង្វាន់ ទង់ជ័យលាភី គ្រាប់សី ថវិកា និងម៉ូតូ១គ្រឿង ជាអំណោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ។

ចំណែកលេខ២ និងលេខ៣ ទទួលបានទង់ជ័យលាភី គ្រាប់សី និងថវិការផងដែរ៕