បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ឃុំ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងតំណាងប្រជាពលរដ្ឋ ចំនួន៥ឃុំ ក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នាថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ

នាយប៉ុស្តិ៍ ថ្នាក់ដឹកនាំភូមិ ប្រធានមណ្ឌលសុខភាព ជនបង្គោល និងតំណាងប្រជាពលរដ្ឋ ប្រមាណជាង៣០០នាក់ មកពីឃុំចំនួន៥ គឺឃុំជប់ ឃុំស្រឡប់ ឃុំបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ និងឃុំព្រែកអាជី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ តម្រូវការ បញ្ហាប្រឈមនានានៅមូលដ្ឋាន។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានរំលឹកឡើងវិញអំពីសង្រ្គាមដែលចាប់ផ្តើមឆាបឆេះ ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ ឆ្លងមកដល់របបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង រហូតដល់មានតស៊ូដ៏អង់អាចក្លៀវក្លាក្រោមវីរភាពដឹកនាំរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេងសំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមទាំងឥស្សរជនជាច្រើនរូបទៀត។

ទិវាជាប្រវត្តិសាស្រ្តដែលយើងមិនអាចបំភ្លេចបាន ហើយចាត់ទុកថាជាថ្ងៃកំណើតទីពីររបស់យើង គឺ ថ្ងៃ៧ មករា ១៩៧៩ ដែលបានរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីរបបដ៏ព្រៃផ្សៃមួយនេះ។

ទោះជាយ៉ាងណាក្តី យើងពុំទាន់ទទួលបានសុខសន្តិសុខពេញ លេញនៅឡើយទេ ព្រោះត្រូវដោះស្រាយវិបត្តិនយោបាយជាបន្ត បន្ទាប់ តាមរយៈការចរចារស្វែងរកដំណោះស្រាយជាមួយត្រីភាគី ឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ការរៀបចំការបោះឆ្នោតឆ្នាំ ១៩៩៣ ហើយចុងក្រោយគឺការសម្រេចបានដោយជោគជ័យនូវការបង្រួបបង្រួមគ្នាជាធ្លុងមួយរវាងខ្មែរ ដែលយើងហៅថានយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨។ ចាប់តាំងពីពេលនោះមក យើងទទួលបានសន្តិភាពពេញលេញ ដែលគិតមកទល់ពេលនេះ មានរយៈពេលប្រមាណ ២២ឆ្នាំ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បាន ឲ្យដឹងទៀតថា លើមូលដ្ឋាននៃសុខសន្តិភាពនេះហើយ និងដោយមានការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់រាជរេដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងនេះ ទើបប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជីវភាពប្រជាជនក៏កាន់តែរីកចម្រើនថ្កុំថ្កើង ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចល្អប្រសើរ គួរឲ្យកត់សម្គាល់។

ក្នុងន័យនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមេត្តារួបរួមគ្នា និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តថែរក្សាសុខសន្តិភាពឲ្យកាន់តែរឹងមាំគង់វង្សយូរអង្វែង និងប្រឆាំងដាច់ខាតចំពោះឧបាយកលរបស់ពួកអមិត្ត ឬក្រុមប្រឆាំងដែលប៉ុនប៉ងបង្កអស្ថិរភាពនយោបាយ ទោះស្ថិតក្នុងរូបភាពណាក៏ដោយ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានធ្វើការគូសបញ្ជាក់ផងដែរថា ជំងឺកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតជាសកល បង្កឲ្យមានការប៉ះពាល់ខ្លាំងដល់បណ្តាប្រទេសជាច្រើនក្នុងពិភពលោកក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាយើងមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីឥទ្ធិពលនៃជំងឺកូវីដ១៩នេះឡើយ ។

ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរួមគ្នាការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩នេះ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានសំណូមពរដល់គ្រប់ថ្នាក់ដឹនាំ ពិសេសក្នុងមូលដ្ឋានឃុំ និងភូមិ ត្រូវបន្តយកចិត្តទុកដាក់ក្តាប់ឲ្យបានសុខទុក្ខប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពបន្ថែមទៀត។

ចប់ពិធីសំណេះសំណាលឯកឧត្តម ប្រាជ្ញ ចន្ទ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានប្រគល់ថវិកាចំនួន១០០០$ ជូនដល់មេឃុំជប់ ដើម្បីកសាងរបងសាលាឃុំ ថវិកាចំនួន៥០ម៉ឺនរៀល សម្រាប់ជួយដោះស្រាយសាំងជូននគរបាលឃុំជប់ ក្នុងការចុះល្បាត ថវិកាចំនួន៥០០$ ជូនដល់មេឃុំបឹងព្រួល ដើម្បីកសាងរបងសាលាឃុំ និងថវិកាចំនួន៥០០$ សម្រាប់រួមចំណែកកសាងអគារប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រួល ឧបត្ថម្ភថវិការចំនួន១លានរៀល សម្រាប់ទិញប្រេងសាំងបូមទឹក ជូនប្រជាពលរដ្ឋនៅឃុំព្រែកអាជី ព្រមទាំងចែកក្រមាចំនួនជាង៣០០ផងដែរ៕