បណ្តាញសង្គម

សម្តេចនាយករដ្ឋមន្រ្តី អញ្ជើញបើកការដ្ឋានសាងសង់ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៃទីរួមខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៃទីរួមខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥។

ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការជាច្រើនរូប។

អគារដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ រួមមាន៖ សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត (អគាររូម) ទីកន្លែងស្នាក់នៅ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងទីកន្លែងស្នាក់នៅ មន្រ្តីរាជការផងដែរ។

ដោយឡែក ហេដ្ឋារចនាសម្ព៏ន្ធសំខាន់ៗ ដែលនឹងត្រូវសាងសង់ផងដែរ រួមមាន៖ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង ប្រព័ន្ធលូ វិថី សួនច្បារ សាលារៀន មន្ទីរពេទ្យ កីឡាដ្ឋាន ។ល។

គួររំលឹកដែលថា កាលពីថ្មីៗកន្លងទៅនេះ ក៍មានការបើកការដ្ឋានសាងសង់ អគារសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលមានទីតាំងក្បែរៗនេះ ពោលគឺស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នៃព្រៃចំការម៉ៃសាក់។