បណ្តាញសង្គម

ដំណាំពោតក្រហមក្នុងខេត្តត្បូងឃ្មុំ ចាប់ផ្តើមប្រមូលទិន្នផល មានតម្លៃល្អជាងឆ្នាំមុន

ពោតក្រហម ឬពោតចំណីសត្វ ជាដំណាំមួយប្រភេទដែលប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ និយមដាំដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ។

បច្ចុប្បន្នដំណាំពោតចាប់ផ្តើមប្រមូលផលជាមួយនិងទិន្នផលខ្ពស់ និងមានតម្លៃសមរម្យ បានធ្វើឱ្យអ្នកដាំដំណាំនេះទទួលបានប្រាក់ចំណេញគួរសម ដោយក្នុង១គីឡូក្រាមគ្រាប់ស្ងួតថ្លៃ ៩០០រៀល ខណៈឆ្នាំមុនបានតែ ៨០០រៀលប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។

ក្នុងកម្មវិធីបង្ហាញពូជពោតក្រហមអ៊ីប្រ៊ីតកម្ពុជា(CHM01) ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទើបស្រាវជ្រាវរកឃើញ ហើយបានបង្ហាញដល់ប្រជាកសិករក្នុងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នមានពូជពោតច្រើនប្រភេទ ខណៈប្រភេទថ្មីៗងាយស្រួលដាំ ហើយទទួលបានទិន្នផលខ្ពស់ ក្នុងនោះខាងមន្ទីរកសិកម្មក៏បានណែនាំឱ្យប្រើពូជរបស់កម្ពុជាគឺ ពូជពោតក្រហមអ៊ីប្រ៊ីតកម្ពុជា(CHM01) ដែលពូជនេះមានតម្លៃទាបជាងពូជនាំចូល និងទទួលបានទិន្នល្អអាចទទួលយកបាន។

ទន្ទឹមនឹងនេះប្រជាកសិករបានលើកឡើងថា តម្លៃពោតក្នុងមួយគីឡូក្រាមថ្លៃ ៩០០រៀល គាត់អាចទទួលបាន និងទទួលបានប្រាក់ចំណេញខ្លះសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ តែបើទាបជាងនេះពួកគាត់មិនចំណេញទេ។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំទាំងមូលមានផ្ទៃដីដាំដុះដំណាំពោតចំណីសត្វរដូវប្រាំងប្រមាណ ៦,៥៦០ហិកតា ក្នុងនោះកសិករបានជ្រើសពូជពោតអ៊ីប្រ៊ីតពីបណ្តាក្រុមហ៊ុនផ្សេងៗប្រមាណ ១១ប្រភេទ មកធ្វើការដាំដុះ នៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដោយឆ្នាំនេះទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ចន្លោះ ៥,៥ ទៅ ៦,៥តោនក្នុង១ហិកតា(គ្រាប់ពោតស្ងួត)។

ដើម្បីជាទុនក្នុងការចូលរួមកាត់បន្ថយថ្លៃដើមផលិតកម្ម ដូចជាការរៀបចំដីដាំដុះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ការរៀបចំស្រោចស្រពដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក ឬ ទុយោសាច ដើម្បីកាត់បន្ថយកម្លាំងពលកម្ម និងសន្សំសំចៃទឹក ប្រើប្រាស់ពូជដែលធន់ទៅនឹងជំងឺ ជាពិសេសជំងឺបួសតែម្តង ត្រូវរៀបចំចងក្រងជាក្រុម ឬបណ្តុំផលិតកម្ម ដើម្បីងាយស្រួលក្នុងការទទួលបានបច្ចេកទេស ផលិតបានកសិផលដែលមានលក្ខណៈប្រមូលផ្តុំ ងាយស្រួលក្នុងការផ្សាភ្ជាប់ទៅកាន់ទីផ្សារកសិផលដោយនិរន្តរភាព៕