បណ្តាញសង្គម

ឯកឧត្តម លី ឡេង សម្ពោធសមិទ្ធិផលនានា ក្នុងវត្តដឹកពរ នៅឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៥ ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃុំ រួមជាមួយ ព្រះសង្ឃ មន្រ្តីនាក់មុខនាក់ការ ស្ថាប័នអង្គភាព ជុំវិញខេត្ត បានចូលរួម សម្ពោធឆ្លង សមិទ្ធិផលនានា រួមមាន ព្រះវិហារ កុដិ ឧប្បដ្ឋានសាលា ក្លោងទ្វារជាដើម ស្ថិតនៅក្នុងវត្តដឹកពរ នៅឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក នៅ សំអឿន អភិបាលរង ស្រុងពញាក្រែក បានធ្វើរបាយករណ៍ បញ្ជាក់ថា សមិទ្ធិផលនានា កកើត ឡើងក្នុងវត្តដឹកពរ នៅឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានកើតឡើងក្នុងអំឡុង គ.ស ១៩១៦ នៅផ្ទៃដីទំហំ ២៨.៥០០ ម៉ែត្រក្រឡា បើគិតមកដល់ បច្ចុប្បន្ននេះ មានអាយុកាលប្រមាណ ៩៩ឆ្នាំ មកហើយ ។

ប៉ុន្តែសមិទ្ធផល ទាំងអស់នេះ ត្រូវបានបំផ្លចបំផ្លាញ ស្ទើតែទាំងស្រុង នៅក្នុងសម័យសង្រ្គាម ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ពិសេសក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វត្តនេះត្រូវបានពុទ្ធបរិស័ទ រួមគ្នាបង្កើតឡើងវិញ ។

គ្រប់គ្រងដោយ ព្រះចៅអធិការ ៣អង្គ ព្រះនាម យក់ លាវ ព្រះនាម ឈួន និងព្រះនាម ចក់ ជិន បានខិតខំដឹកនាំ កសាងឡើងវិញ មានសមិទ្ធផល ដូចជា ព្រះវិហារ កុដិ ឧប្បដ្ឋានសាលា ក្លោងទ្វារ ជាដើម។ ដែលជាសុទ្ធាជ្រះថ្លា ពីសប្បុរជន និងពុទ្ធបរិស័ទ ជិតឆ្ងាយ តាមរយៈបុណ្យកាន់អង្គ បុណ្យកឋិនទាន បុណ្យផ្កាសាមគ្គី ជាពិសេសក្រោមការ ជួយឧបត្តម្ភថវិការ ដោយផ្ទាល់ពីសម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្ត ព្រឹទ្ធបណ្ឌិត និងឯកឧត្តមនាយក ឧត្តមសេនីយ៍ផ្កាយ មាសបួន គង់ គីម និងលោកជំទាវ ហើយព្រមទាំង បានរៀបចំពិធីបុណ្យ បញ្ចុះខណ្ឌសីមា នៅពេលនោះផងដែរ។

ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការគ្រប់គ្រងដឹកនាំ ដោយព្រះ គ្រូចៅអធិការព្រះនាម ហ៊ីន មីន បានកសាងក្លោងទ្វារ មួយបន្ថែមទៀត និងធ្វើការជួសជុល ព្រះវិហារឡើងវិញ ។ ដោយដំណើរការនៃការ ជួសជុលបានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០១៣ បព្ចាប់រួចរាល់ ជាស្ថាពរនៅក្នុង ខែកញ្ញា ឆ្នាំ២០១៤ ហើយត្រួវបានរៀបចំពិធីបុណ្យ បញ្ចុះខណ្ឌសីមា ជាថ្មីម្តងទៀតនៅពេលនេះ ដោយចំណាយ ថវិកាសរុប ចំនួន ១៣២.២៨៦.៤០០រៀល ដែលជាថវិការបានមក ពីកម្លាំងសាមគ្គី របស់សប្បុរជន និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនោះមានថវិការបស់ លោកឧកញ៉ា លឹម ប៊ុណ្ណានិងលោកជំទាវថុង ធីតា ចំនួន៧០០០ដុល្លារ អាមេរិក ផងដែរ ។

ឯកឧត្តម លី ឡេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ និងមានការរីចំរើន លើគ្រប់វិស័យទាំង អាណាចក្រ និងពុទ្ធចក្រ ព្រមទាំងផ្តាផ្ងើដល់ អាជ្ងាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ត្រួវចេះថែរក្សសមិទ្ធិផល ដែលបានកសាងនាពេលនេះ ឲ្យបានគង់វង្ស ។គណៈអធិបតីបាន ចែកអំណោយដល់ យាយជីតាជី និង កាត់ខ្សែបូណ៍បញ្ចុះខណ្ឌសីមា បើកឲ្យប្រើប្រាស់ចាប់ ពីពេលនេះតទៅ៕