បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកសន្និបាទ បូកសរុប លទ្ធផលការងារ ឆ្នាំ ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បើក សន្និបាទ បូកសរុប លទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅ ឆ្នាំ២០១៥ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡាន់ ឆន់ប្រធានក្រុមប្រឹក្សាខេត្ត និងមានកាអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាល ស្រុក-ក្រុង សមាជិកក្រុមប្រឹក្សា ខេត្ត-ស្រុក-ក្រុង និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព របស់កងកម្លាំងប្រដាប់អាវុធទាំង៣ និងអស់លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត ជាច្រើនរូបផងដែរ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ៖ ខេត្តត្បូងឃ្មុំ គឺជាខេត្តដែលទើប ត្រូវបានបង្កើតថ្មី ដោយបំបែកចេញ ពីខេត្តកំពង់ចាម មានផ្ទៃដីសរុប ៥.២៥០.៥១គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ខាងលិចជាប់ នឹងខេត្តកំពង់ចាម ខាងជើងជាប់នឹង ខេត្តក្រចេះ ខាងត្បូងជាប់នឹងខេត្តព្រៃវែង និងខាងកើតជាប់ នឹងប្រទេសវៀតណាម ចែកចេញជា ០៦ស្រុក ០១ក្រុង ៦២ឃុំ ០២សង្កាត់ និង ៨៦៥ភូមិ មានប្រជាពលរដ្ឋសរុប ១៧៩.៨៣៣គ្រួសារ គិតជាមនុស្សរាយចំនួន ៨២១.០៤៣នាក់ ។

ក្នុងពិធីបើកសន្និបាទនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងអំពីលទ្ធផលវិជ្ជមាន និងអវិជ្ជមាន ដែលរដ្ឋបាល ខេត្តអនុវត្តក្នុង ឆ្នាំ២០១៤កន្លងមក និងដាក់ទិសដៅ បន្តសម្រាប់ឆ្នាំ២០១៥ ខាងមុខ ជាពិសេសពង្រឹង នូវរាល់រូបភាព បណ្តាបទល្មើស ទាំងឡាយ ដែលតែងតែ បានកើតមានឡើង នៅក្នុងខេត្ត ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់អំពីបញ្ហា អត្រានុកូលដ្ឋាន ទំនាស់ដីធ្លី ភាស៊ីផ្សារ ទីសត្តឃាត កំពង់ដរ ល្បែងស៊ីសង បញ្ហាគ្រឿងញៀន កង្វះទីផ្សារកសិផល តម្លៃកសិផល ពិសេសកៅស៊ូ និងដំឡូងមី ដែលចុះថោក គ្នានស្ថេរភាព ដែលជាបញ្ហាចោទ ចម្បងដល់ប្រជាកសិករ ដែលមិនទាន់បានឆ្លើយ តបទាំងស្រុង ទៅនឹងសំណូមពរ តម្រូវការក៏ដូច ជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ ជាហេតុនាំឲ្យ មានភាពថ្នាំងថ្នាក់ខ្លះៗ និងត្រូវឲ្យរដ្ឋបាលគ្រប់ថ្នាក់ រួមគ្នាបន្តយកចិត្តទុកដាក់ ដោះស្រាយថែមទៀត ហើយមន្ត្រី និងសមត្ថកិច្ច ពាក់ព័ន្ធធ្វើយ៉ាងណា ត្រូវពង្រឹងការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹង ជៀសវាង និងកាត់បន្ថយ នៅក្នុងឆ្នាំ២០១៥ និងឆ្នាំខាងមុខៗទៀត ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានផ្តល់អនុសាសន៍ល្អៗ ក្នុងអង្គសន្និបាទនេះ សម្រាប់ឲ្យរដ្ឋបាល ខេត្តទាំងមូល យកទៅអនុវត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវពុះពារជំនះ រាល់ការលំបាក ដើម្បីប្រជាពលរដ្ឋ និង ប្រទេសជាតិផងដែរ ។

សូមបញ្ជាក់ថា ៖សន្និបាទបូកសរុបនេះ ចាប់ផ្តើមធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ និងបិទនារសៀលថ្ងៃដដែលនេះ ៕