បណ្តាញសង្គម

ពិធីចែកប័ណ្ណសរសើរ ដល់សិស្សពូកែ ថ្នាក់ខេត្ត របស់ខេត្តត្បូងឃ្មុំ និង សំណេះសំណាល ជាមួយសិស្សពូកែដែលជាប់ជ័យលាភី ដែលនឹងត្រៀមខ្លួនប្រលង សិស្សពូកែថ្នាក់ជាតិ នាថ្ងៃទី២៤ខាងមុខនេះ

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី ចែកប័ណ្ណសរសើរ ដល់សិស្សពូកែថ្នាក់ខេត្ត របស់ខេត្តត្បូងឃ្មុំ និង សំណេះសំណាល ជាមួយសិស្សពូកែ ដែលនឹងត្រៀមខ្លួនប្រលង សិស្សពូកែថ្នាក់ជាតិ នាថ្ងៃ២៤ខាងមុខេះ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ ចូលរួមពី លោក ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ លោក នាយករងរដ្ឋបាល សាលាខេត្តត្បូងឃ្មុំ មន្ត្រីសាលាខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រួ និង លោក លោកស្រី ដែលជាអាណាព្យាបាល សិស្សពូកែ ជាច្រើនរូបទៀត ។

លោក អ៊ិន ពៅសម្បិត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ថា ៖ នៅក្នុងខេត្តត្បូងឃ្មុំ មានវិទ្យាល័យ ចំនួន២៣កន្លែង អនុវិទ្យាល័យ ចំនួន៥៣កន្លែង ដែលសរុបទាំងអស់មាន ៧៦កន្លែង មានសិស្សសរុប ៣៤៧៦៧នាក់ ស្រី១៧៨៧៧នាក់ គ្រូមធ្យមសិក្សា សំរាប់វិទ្យាល័យ និងអនុវិទ្យាល័យ មានចំនួន ១៣៧២នាក់ ចំណែកឯ បុគ្គលិកសិក្សាសរុប ទូទាំងខេត្ត មានចំនួនសរុប ទាំងអស់ជាង ៤០០០នាក់ ចំពោះសិស្សានុសិស្ស ទាំងបឋមសិក្សា មតិយសិក្សា និងមធ្យមសិក្សា មានរហូតទៅដល់ជិត ១៦ម៉ឺននាក់ និង សាលារៀនសរុប ជាង ៦០០កន្លែង ។

លោក បន្តទៀតថា៖ ការប្រលង សិស្សពូកែ ទូទាំងខេត្តត្បូងឃ្មុំ ដែលក្នុងចំណោម បេក្ខជន ១៧៤នាក់ ជាប់ចំនួន១៨នាក់ ក្នុងនោះថ្នាក់ទី៩ មាន១២នាក់ និងថ្នាក់ទី១២ មានចំនួន៨នាក់ ដែលមាន៣មុខវិជ្ជាប្រឡង មាន៖ គណិតវិទ្យា អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ជាពិសេស បេក្ខជនទាំង ១៨នាក់នេះ នឹងត្រៀមខ្លួន ទៅប្រលង សិស្សពូកែថ្នាក់ជាតិ ទូទាំងប្រទេស នាថ្ងៃទី២៤ មេសា ឆ្នាំ២០១៥ នៅអនុវិទ្យាល័យ មិត្តភាពជប៉ុន ក្រុងកំពត ខេត្តកំពត ក្នុងចំណោម បេក្ខជនទូទាំងប្រទេស មានចំនួន ៤៨០នាក់ ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ កោតសរសើរ  ដល់ប្អូនប្អូន ដែលជាទំពាំងស្នងប្ញស្សី ទាំង១៨នាក់នេះ ជាពិសេស លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ ដែលជាអាណាព្យាបាលសិស្ស ដែលតែងតែ ជំរុញ និងលើកទឹកចិត្ត ដែលធ្វើអោយ ពួកគេសម្រេចបាន នាពេលនះ  ព្រមទាំងផ្តាំផ្ញើរ  អោយចេះស្រលាញ់គ្នា និងសាមគ្គីគ្នា យកចិត្តទុកដាក់ ក្នុងការប្រលង សិស្សពូកែ ថ្នាក់ជាតិនៅឯ ខេត្តកំពត និងជូនពរ អោយជោគជ័យ ទទួលបានជ័យលាភី ក្នុងការប្រឡង ដើម្បីយកមេដាយ ដែលជាកិត្តិយស សំរាប់ខេត្ត លោកគ្រូអ្នកគ្រួ ឪពុកម្តាយ ដែលជាអាណាព្យាបាល និងសំរាប់ ខ្លួនឯងផ្ទាល់ ជាពិសេស ពេលដែលត្រឡប់មក ពីការប្រឡង មកវិញ ត្រូវខិតខំប្រឹងប្រែង បន្ថែមបន្តទៀត ដើម្បីប្រលងអោយជាប់ មធ្យមសិក្សា បឋមភូមិ និង មធ្យមសិក្សា ទុតិយភូមិ នាពេលខាងមុខនេះ ។

ឯកឧត្តម ក៍បានចែក ប័ណ្ណសរសើរដល់ សិស្សពូកែថ្នាក់ខេត្ត ចំនួនសរុប១៨នាក់ ព្រមទាំងឧបត្ថម្ភ ក្នុងម្នាក់ៗ ថវិការចំនួន ៥ម៉ឺនរៀល ព្រមទាំងសន្យា ប្រគល់ប្រាក់រង្វាន់ សំរាប់ជ័យលាភី សិស្សពូកែថ្នាក់ជាតិ ទូទាំងប្រទេស សំរាប់ជ័យលាភី លេខ១ មេដាយមាស ចំនួន ៨០ម៉ឺនរៀល ជ័យលាភី លេខ២ មេដាយប្រាក់ និង ជ័យលាភី លេខ៣ មេដាយសំរិទ្ធ ចំនួន ៥០ម៉ឺនរៀល ផងដែរ ៕


 

ដោយ៖ វ៉ាន់ វីរៈ