បណ្តាញសង្គម

ពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បិទអង្គសន្និបាត បូកសរុបលទ្ធផល ការងារសុខាភិបាល ឆ្នាំ២០១៤ និងលើកទិសដៅ ការងារ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមាន ការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរ សុខាភិបាលខេត្ត លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីសាលាខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានឡើងអាន របាយការណ៍ថាៈ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មន្រ្តីបុគ្គលិក សុខាភិបាល ដែលកំពុងបម្រើការ ក្នុងវិស័យសុខាភិបាល សាធារណៈ  មានចំនួនសរុប ៦៥១នាក់ ក្នុងនោះមាន វេជ្ជបណ្ឌិត ៣៩នាក់ ( ក្នុងនេះមាន វេជ្ជបណ្ឌិតឯកទេស ៣នាក់ ) គ្រូពេទ្យមធ្យម ១៣នាក់ ទន្តបណ្ឌិត ២នាក់ ឳសថការីឧត្ដម ៨នាក់ ឳសថការីមធ្យម ២នាក់ គិលានុប្បដ្ឋាក យិកា-មធ្យម ២២១នាក់ គិលានុប្បដ្ឋាក យិកា-បឋម ៤៩នាក់ ឆ្មបមធ្យម ១០៣នាក់ ឆ្មបបឋម ៨៩នាក់ និងអ្នកបច្ចេកទេស មន្ទីរពិសោធន៍ មធ្យម ៣នាក់ ។ ចំពោះការពង្រឹង ប្រព័ន្ធសុខាភិបាល ផ្តោតការយកចិត្តទុកដាក់ លើយុទ្ធសាស្រ្ត ៥ចំបង: ១-ផ្តល់សេវា ថែទាំសុខភាព ប្រកបដោយគុណភាព ២-ហិរញ្ញប្បទាន សុខាភិបាល ៣-អភិវឌ្ឍធនមនុស្ស ៤-ពង្រឹងប្រព័ន្ធព័ត៌មាន សុខាភិបាល និង ទី៥-អភិបាលកិច្ចប្រព័ន្ធ សុខាភិបាល ។

លោកវេជ្ជបណ្ឌិត បន្តទៀតថាៈ ទិសដៅឆ្នាំ២០១៥ ដោយផ្អែកលើ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាល បន្តផ្តោតលើ ការបង្កើនការ សម្រាលកូន ដោយឆ្មបជំនាញ ពង្រីកសេវាសម្ភព សង្រោះបន្ទាន់ និងសេវា ថែទាំទារក ពង្រីកសេវា ផ្តល់មធ្យោបាយ ពន្យារកំណើត បង្កើនអត្រា គ្របដណ្តប់នៃការ ផ្តល់ថ្នាំបង្ការ ។ ពង្រឹងវិធានការ បង្ការ ពង្រីកការ គ្របដណ្តប់ និងកែលម្អ គុណភាពសេវា ថែទាំព្យាបាល ជំងឺឆ្លង និង មិនឆ្លងរាំរៃ ព្រមទាំងបង្កើន ប្រសិទ្ធភាពអន្តរាគមន៍ សុខភាពសាធារណៈ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ នាឳកាសនោះថាៈ រាជរដ្ឋាភិបាល បានបង្កើនថវិកា សំរាប់វិស័យសុខាភិបាល ជារៀងរាល់ឆ្នាំ ពិសេសបានអនុវត្ត គំរោងលើកទឹកចិត្ត ជាច្រើនរួមមាន កន្សោមអទិភាព មូលនិធិសមធម៍ ការផ្តល់ប្រាក់លាភ បន្ថែមលើកទឹកចិត្តដល់ឆ្មប ដែលបានបង្កើតកូនរស់ ព្រមទាំងមូលនិធិ ដែលផ្តល់ដោយ ដៃគូអភិវឌ្ឍន៍ ដែលមានគោលបំណង រួមគ្នាក្នុងការធ្វើអោយ ប្រសើរឡើង នូវការផ្តល់ សេវាសុខាភិបាល ប្រកបដោយ ប្រសិទ្ធិភាព គុណភាព និងសមធម៍ ជាពិសេសសំដៅ ធ្វើយ៉ាងណាកាត់បន្ថយ អត្រាឈឺ និងស្លាប់របស់ មាតា-ទារក និងកុមារ កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយ ជំងឺឆ្លង និងបន្ថយបន្ទុក ជំងឺមិនឆ្លង និងបញ្ហាសុខភាព ផ្សេងៗទៀត សំដៅធ្វើអោយ កាន់តែប្រសើរឡើង ថែមទៀតនូវ សុខុមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានធ្វើការ កោតសរសើរ ចំពោះការខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ស្មារតី ជំនះរាល់ឧបសគ្គ តស៊ូអត់ធ្មត់ ក្នុងឧត្តមគតិ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល ព្រមទាំងដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យ ឯកជនផងដែរ ដែលធ្វើអោយ សំរេចបាននូវ សមិទ្ធិ្ផផល និងវឌ្ឍនភាព សុខាភិបាល គួរជាទីមោទនៈ ។

ក្នុងឳកាសនោះដែរ គណៈអធិបតី ក៍បានប្រគល់គ្រឿង ឥស្សរិយយសការងារ និងប័ណ្ណសរសើរ ដល់មន្ត្រីសុខាភិបាល ដែលមានស្នាដៃ ក្នុងការងារផងដែរ ។

ដោយ៖ វ៉ាន់ វីរៈ