បណ្តាញសង្គម

រថយន្តនីសាន់បុករថយន្តក្រុងប៉ើងចូលរថយន្តឡង់រឺវែមកពីក្រោយ របស់លោកអភិបាលរងខេត្ត បាត់ដំបង ស្រ្តីម្នាក់ស្លាប់និង៤នាក់ទៀតរបួសធ្ងន់ស្រាល

 កំពង់ឆ្នាំង៖ស្ត្រីម្នាក់បានស្លាប់ យ៉ាងរន្ធត់នៅ កន្លែងកើតហេតុ កុមារ២នាក់ជាកូន និងបុរស២នាក់ទៀត រងរបួសធ្ងន់ស្រាស នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្ត នីសាន់បុករថយន្ត ក្រុងដឹកអ្នកដំណើរ ហើយប៉ើងចូលរថយន្តឡង់រឺវែ របស់លោកអភិបាលរង ខេត្តបាត់ដំបងបុក មួយជាន់ទៀត ដាច់ម៉ាស៊ីនប៉ើង ជាង១០ម៉ែត្រ ក្រឡាប់ជាច្រើនត្រឡប់បះជើងឡើង លើកណ្តាលទ្រូងផ្លូវ។

ហេតុកាណ៍រដ៏រន្ធត់នេះ បានកើតឡើងវេលាម៉ោង ១និង២៥ នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូ ម៉ែត្រលេខ ៨៥និង៨៦ ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក ទឹម ចន្ធី អធិការនគរបាល ស្រុករលាប្អៀរដែល បានឃើញហេតុការណ៍ នេះបាននិយាយអោយ ដឹងថា៖មុនពេលកើតហេតុ រថយន្តម៉ាកនីសាន់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2E-8742 បើកបរដោយបុរស ឈ្មោះ ប៊ុន និន អាយុ៥០ឆ្នាំ រស់នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ (របួសធ្ងន់ដាច់ចុងអណ្តាតនិយាយមិនចេញ) បានដឹកប្រពន្ធនិងកូន២នាក់ បើកបរពី ស្រុកបរិបូណ៌ទៅភ្នំពេញ។

លុះដល់ចំណុច កើតហេតុសង្ស័យថា ងោគងុយបានបុករថយន្ត ក្រុងដឹកអ្នកដំណើរ ក្រុមហ៊ុន KSO ពាក់ស្លាកលេខ ភ្នំពេញ3A-9544 ពណ៌សខៀវ បើកបរក្នុងទិសច្រាស់ គ្នាមកពីភ្នំពេញ ទៅប៉ោយប៉ែត ហើយបានបែកកង់មុខ ងាកក្បាលមកស្តាំដៃ ស្របពេលរថយន្តឡង់រឺវែ ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 2A-9988 បើកបរដោយឈ្មោះ ជីប វ៉ាន់ឌឿន (ដឹកលោកសុខ គង់ អភិបាលរងខេត្តបាត់ដំបង) ក៏បានបុករថយន្ត សីសាន់មួយជាន់ទៀត បណ្តាលអោយរថយន្ត នីសាន់ដាច់ម៉ាស៊ីនប៉ើង ជាង១០ម៉ែត្រ និងក្រឡាប់ជាច្រើន ត្រឡប់ហើយបះជើង ឡើងលើនៅកណ្តាលថ្នល់ជាតិ។

នៅក្នុងគ្រោះថ្នាក់ ដ៏គួរអោយរន្ធត់នេះ បណ្តាលអោយស្រ្តីឈ្មោះ ម៉ក់ សារួន ហៅស្រីអូន អាយុ៤៥ឆ្នាំ ជាប្រពន្ធអ្នកបើកបរ រថយន្តនីសាន់ស្លាប់ នៅកន្លែងកើតហេតុ អ្នកបើកបរនីសាន់ឈ្មោះ ប៊ុន និន រង របួសធ្ងន់ដាច់អណ្តាតមួយកំណាត់ កូនប្រុសរបស់គេ អាយុជាង២ឆ្នាំ របួសស្រាលកូនស្រី គេម្នាក់ទៀតអាយុ ប្រមាណ៨ឆ្នាំ របួសធ្ងន់និងអ្នកបើកបរ រថយន្តឡង់រឺវែរបស់លោក អភិបាលរងខេត្តបាត់ដំបង ឈ្មោះ ជីប វ៉ាន់ឌឿន រងរបួសដងកាំបិត ខាងឆ្វេងធ្ងន់ ចំណែកលោក សុខ គង់ អភិបាលរងខេត្ត បាត់ដំបងមិនរង របួសធ្ងន់ទេព្រោះ លោកជិះនៅបាំងក្រោយ។

ដោយឡែករថយន្ត ក្រុងនិងរថយន្តឡង់រឺវែ ខូចខាតធ្ងន់ដូចគ្នា រីឯរថយន្ត នីសាន់វិញខូចខាត ខ្ទេខខ្ទីទាំងស្រុងតែម្តង។ រថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ជួលរថយន្តស្ទួចដឹក យកទៅរក្សាទុក នៅក្នុងស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង  និងបានកសាងសំណុំរឿង តាមនិតិវិធីច្បាប់។