បណ្តាញសង្គម

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ចុះធ្វើការ ត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារអូររាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយពិនិត្យឃើញថា បាតុភាពជាច្រើន  បាននឹងកំពុងកើតមាន លើមុខទំនិញផលិតផល និងគ្រឿងឧបភោគបរិភោគ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ មានក្ដីកង្វល់ រឿងសុខភាពនោះ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ដែលដឹកនាំដោយលោក អ៊ុក ជីវសុទ្ធា អនុប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ទទួលបន្ទុកទីផ្សារ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ បានចុះធ្វើការ អង្កេតទំនិញនៅ ផ្សារអូររាំងឪ ដែលស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

លោក អ៊ុក ជីវសុទ្ធា បានគូសបញ្ជាក់ថា ៖ គោលបំណង នៃការចុះធ្វើការ ត្រួតពិនិត្យនេះ ដោយមានការ ណែនាំជាប្រចាំ របស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន កាំកុងត្រូល ជាពិសេស ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន កាំកុងត្រូល អោយមន្រ្តីកាំកុងត្រូល ចុះអង្កេត និងត្រួតពិនិត្យ ទំនិញនៅលើទីផ្សារ ជាប្រចាំ ដើម្បីធានាថា ពុំមានការ តាំងលក់ទំនិញ ខូចគុណភាព ឬផុតសុពលភាព នៅលើទីផ្សារ និងដើម្បីធានា សុខុមាលភាព និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ។

ជាលទ្ធផល នៃការចុះត្រួតពិនិត្យ នៅលើទីផ្សារ អូររាំងឪ មន្រ្តីកាំកុងត្រូល ខេត្តត្បូងឃ្មុំ ពុំបានរកឃើញ នូវទំនិញដែល ខូចគុណភាព រឺហួសកាលបរិច្ឆេទឡើយ ដោយអាជីវករ មានការយល់ដឹងច្រើនអំពីការ ជ្រើសរើសទំនិញ និងគុណភាពទំនិញ សម្រាប់ដាក់លក់ នៅលើទីផ្សារ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី មន្ត្រីកាំកុងត្រូលខេត្ត នឹងបន្តចុះធ្វើការ ត្រួតពិនិត្យ ជាបន្តបន្ទាប់ និងជាប្រចាំ ដើម្បីទប់ស្កាត់ ឲ្យទាន់ពេលវេលា នូវការលួចនាំចូល ចរាចរទំនិញ ដែលបង្កគ្រោះថ្នាក់ ដែលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព ដើម្បីរួមចំណែក ផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ទាំងផ្នែកសុខភាព និងសេដ្ឋកិច្ច។

ទន្ទឹមនឹងនោះ មន្ត្រីសាខាកាំកុងត្រូល ក៏បានធ្វើការណែនាំ ដល់អាជីវករ អោយប្រុងប្រយ័ត្ន ក្នុងការដាក់តាំង លក់ទំនិញ ដែលមានគុណភាពល្អ មានប្រភពច្បាស់លាស់ មានស្លាកសញ្ញាត្រឹមត្រូវ និងមិនត្រូវ ដាក់លក់ទំនិញ ដែលខ្វះអនាម័យ ហួសកាលបរិច្ឆេទ និងទំនិញក្លែងបន្លំ ទោះរូបភាពណាក៍ដោយ ៕

ដោយ៖ វ៉ាន់ វីរៈ