បណ្តាញសង្គម

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញដាក់លក់ នៅតាមសាលាបឋមសិក្សា នៃខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយពិនិត្យឃើញថា បាតុភាពជាច្រើន បាននឹងកំពុងកើតមាន លើមុខទំនិញផលិតផល និងគ្រឿងឧបភោគ បរិ ភោគ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ មានក្ដីកង្វល់រឿងសុខភាព ជាពិសេស សិស្សានុសិស្ស នៅតាមសាលារៀននោះ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល” សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ព្រមទាំងបាន សហការជាមួយ មន្ទីរពាណិជ្ជកម្ម និងលោកនាយកសាលា បានចុះធ្វើការ ត្រួតពិនិត្យ គុណភាពទំនិញ ដាក់លក់ នៅក្នុងសាលា បឋមសិក្សា ក្រែក និង សាលាបឋមសិក្សា ស្ទឹង ដែលស្ថិតនៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានឲ្យដឹងថា ៖ គោលបំណង នៃការចុះធ្វើការ ត្រួតពិនិត្យនេះ គឺផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីចុះធ្វើការ ត្រួតពិនិត្យ ការលក់ដូរ ចំណីអាហារ និងនំក្មេងៗ នៅតាមសាលារៀន ដើម្បីអោយការ ទិញ-លក់ និងការបរិភោគ ប្រកបដោយគុណភាព ហើយធានាការពារ ដល់សុខភាព សុវត្ថិភាព សិស្សានុសិស្ស ។

ទំនិញ និងផលិតផល គ្រឿងឧបភោគ បរិភោគមួយចំនួន ដែលកំពុងបង្ករ ហានិភ័យខ្ពស់ ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេស សិស្សានុសិស្ស នៅតាមសាលារៀន ដូច្នេះបានជា មន្ដ្រីសាខាកាំកុងត្រូល ត្រូវតែពិនិត្យ និងហាមឃាត់ មិនឱ្យមានដាក់លក់ នូវទំនិញទាំងនោះឡើយ ជាក់ស្ដែងក្នុងថ្ងៃនេះ ជាលទ្ធផល នៃការចុះត្រួតពិនិត្យនេះ មន្រ្តីកាំកុងត្រូលខេត្ត បានរកឃើញទំនិញ ជាប្រភេទនំកញ្ចប់ចំរុះ សំរាប់ក្មេងៗ ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ និងទើបនឹងហួស កាលបរិច្ឆេទ បានមួយចំនួន ព្រមទាំងបាន ធ្វើការដកហូត ផងដែរ ។

លោក មាស មោរ៉ា ក៏បានធ្វើការណែនាំ អោយអ្នកលក់ យកចិត្តទុកដាក់ ក្នុងការដាក់តាំង លក់ទំនិញ មានអនាម័យល្អ និងចេះពិនិត្យមើល ស្លាកសញ្ញា អោយបានត្រឹមត្រូវ ដូចជាៈ ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ ផុតកំណត់ ការប្រើប្រាស់ ហើយជៀសវាង នូវការដាក់តាំងលក់ នូវទំនិញ ដែលគ្មាន ប្រភពច្បាស់លាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ជាពិសេស ហួសកាលបរិច្ឆេទប្រើប្រាស់ ។

ទន្ទឹមនឹងនោះ លោក នឹងដឹកនាំ មន្ត្រីកាំកុងត្រូល បន្តធ្វើការ ចុះត្រួតពិនិត្យទំនិញ នៅតាមសាលារៀន ដ៍ទៃទៀត ក្នុងខេត្តត្បូងឃ្មុំ តាមផែនការ សកម្មភាពរបស់ខ្លួន និងជាយថាហេតុ ដើម្បីអោយច្បាស់ថា ការដាក់តាំងលក់ទំនិញ នៅតាមបណ្តា សាលារៀនពិតជា ប្រកបដោយគុណភាព និងសុវត្ថិភាព សំរាប់សិស្សានុសិ្ស ៕

 

 

 

 

 

 

 

 

 

ដោយ៖ វ៉ាន់ វីរៈ