បណ្តាញសង្គម

ឯកឧត្តម ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ គោលការណ៍សំខាន់ៗនៃច្បាប់ស្តីពី ច្បាប់រដ្ឋធម្មនុញ្ញ វិសោធនកម្មមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ និងការបង្កើតជំពូកទី១៥ថ្មី នៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ន

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៥ នៅខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយ គោលការណ៍សំខាន់ៗនៃច្បាប់ ស្តីពីច្បាប់រដ្ឋធម្មនុញ្ញ វិសោធនកម្មមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ និងការបង្កើតជំពូកទី១៥ថ្មី នៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី  ។

អង្គពិធីបានប្រព្រឹត្តិទៅដោយមានការ អញ្ជើញចូលរួមពី ឯ.ឧ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តត្បូងឃ្មុំ ឯ.ឧ វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម ឯ.ឧ ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត ឯ.ឧ ប្រាជ្ញ ចន្ទ អភិបាល នៃ គណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ សមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីបណ្តាក្រសួង ស្ថាប័ន ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីរាជការតាមបណ្តាការិយាល័យ លោកគ្រូអ្នកគ្រូ មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងបណ្តាថ្នាក់ដឹកនាំស្រុក អាជ្ញាធរភូមិ-ឃុំ ក្នុងខេត្តត្បូងឃ្មុំ សរុបជាង ១៧០០នាក់ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ អំពីការអនុវត្តន៍គោលការ នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល បានធ្វើអោយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងខេត្ត មានភាពល្អប្រសើរ និងលើកវិធានការបង្ក្រាប ទប់ស្កាត់ផ្សេងៗដូចជា៖ ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនជាដើម ។ ក្រៅពីនេះ ខេត្តបាន ជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ។

តមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បញ្ជាក់ជូនអំពីការផ្សព្វផ្សាយ គោលការណ៍សំខាន់ៗ នៃច្បាប់ទាំង៣ខាងលើ ច្បាប់រដ្ឋធម្មនុញ្ញដែលសំដៅ កែប្រែរដ្ឋធម្មនុញ្ញ ដែលខុសពីច្បាប់រដ្ឋធម្មនុញ្ញបន្ថែមដែលបានអនុម័ត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលអនុញ្ញាតនៅដើម នីតិកាលនីមួយៗ អោយមានការបោះឆ្នោតជាកញ្ចប់ រៀបចំរាជរដ្ឋាភិបាល និងរដ្ឋសភានៅពេលជាមួយគ្នា ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បន្ទាប់ពីមានកិច្ចព្រមព្រៀង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលនៅក្នុងនោះ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលរួមមានចំនួន ៧ជំពូក និង៦៦មាត្រា ដោយបានបញ្ជាក់ជូនថា៖ ច្បាប់នេះមានគោលដៅ ដើម្បីរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងៗទៀត តាមការកំណត់នៃច្បាប់ ។ ច្បាប់នេះតម្រូវអោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ដោយឯករាជ្យ និងអព្យាក្រឹត្យ ដើម្បីធានាអោយការបោះឆ្នោត ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

រីឯច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត គឺមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ដែលជាសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់នេះរួមមាន ១២ជំពូក និង ១៧១មាត្រា ដែលក្នុងខ្លឹមសារនៃជំពូកទី១ ដល់ជំពូកទី១២ បានចែងលម្អិតអំពីរបៀបរបប នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ត្រូវអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងត្រូវប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បញ្ជាក់បន្ថែមថា៖ ច្បាប់ដែលបានធ្វើការឧបទ្ទេសនាមនេះ គឺមានចែងអំពីបទប្បញ្ញត្តិទូទៅ ទាក់ទងទៅនឹង ការកំណត់ថ្ងៃបោះឆ្នោត ដោយនាយករដ្ឋមន្ត្រី និងអាណត្តិនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អំពីប្រព័ន្ធបោះឆ្នោត អំពីការកំណត់ចំនួនអសនៈ អំពីភ្នាក់ងារគណបក្សនយោបាយ អំពីអ្នកសង្កេតការណ៍បោះឆ្នោត ការចុះបញ្ជីរបស់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចែងអំពី លក្ខណៈសម្បត្តិ របស់បេក្ខជនឈរឈ្មោះ ។ ក្នុងខ្លឹមសារនៃច្បាប់នេះផងដែរ គឺបានចែងអំពីទោសប្បញ្ញត្តិ ដែលរួមមានចំនូន ២៦មាត្រា និងអន្តរប្បញ្ញត្តិមាន ៣មាត្រា ព្រមទាំងអវសានប្បញ្ញត្តិ

ច្បាប់ដែលបានធ្វើបទឧទ្ទេសនាមខាងលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំអោយសមាជិក សមាជិកា អង្គពិធីទាំងមូល ត្រូវយកចិត្តទុកដាក់ស្វែងយល់ និងធ្វើការផ្សព្វផ្សាយបន្តជូនថ្នាក់ក្រោម និងប្រជាពលរដ្ឋ ដើម្បីអោយបានយល់ដឹង អោយកាន់តែច្បាស់លាស់ថែមទៀត ៕