បណ្តាញសង្គម

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះធ្វើការត្រួតពិនិត្យរកនំផលិតនៅប្រទេសអង់គ្លេស ដែលចម្លងបាក់តេរី Salmonella នៅផ្សារសួង

ត្បូងឃ្មុំ៖ តបតាមសេចក្តីជូនដំណឹង និងអនុសាសន៍ណែនាំពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៥ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល” សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះធ្វើការអង្កេតទំនិញនៅផ្សារសួង ដែលស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានឲ្យដឹងថា ៖ គោលបំណងនៃការចុះអង្កេតនេះ ដោយផ្អែកទៅលើសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន កាំកុងត្រូល ស្តីអំពីវត្តមានបាក់តេរី Salmonella នៅក្នុងនំសូកូឡា (wafers Atkins Edulge ChocolateBreak) ដែលនាំចូលដោយក្រុមហ៊ុន Atkins International BV របស់ប្រទេសអង់គ្លេស និងផ្អែកលើអនុសាសន៍ណែនាំរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល អោយប្រមូលចេញពីទីផ្សារ។

ជាលទ្ធផល នៃការចុះត្រួតពិនិត្យ ពុំបានប្រទះឃើញមាន ទំនិញនំសូកូឡា ប្រភេទនេះ លក់នៅលើទីផ្សារទេ ។
ហើយជាមួយគ្នានេះដែរ ដើម្បីថែរក្សាសុខុមាលភាពប្រជាជន មន្ត្រីកាំកុងត្រូលក៍បានធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់មួយចំនួន ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាជនដូចជាៈ សារធាតុ Formalin Sodium Hydrosulfite, Borax, Salicylic Acid ដែលសារធាតុទាំងនោះ បណ្តាលអោយ ឈឺពោះ ក្អួតរាគរួស និងធ្វើអោយពិបាកក្នុងការដកដង្ហើម ។
ហើយការធ្វើតេស្តបឋមនេះ គឺធ្វើទៅលើ ទឹកត្រាំមឹក និងបង្គា ដើម្បីរកសារធាតុហាមឃាត់ Formalin និងធ្វើតេស្តទៅលើ សណ្តែកបណ្តុះ ដើម្បីរកសារធាតុ Sodium Hydrosulfite តែជាលទ្ធផលពុំមានសារធាតុខាងលើនោះទេ។

លោក មាស មោរ៉ា ក៏បានធ្វើការណែនាំ អោយអ្នកលក់យកចិត្តទុកដាក់ ក្នុងការដាក់តាំងលក់ទំនិញ ដោយជៀសវាងនូវរាល់ ការដាក់តាំងលក់នូវទំនិញ ដែលគ្មានប្រភពច្បាស់លាស់ គ្មានស្លាកសញ្ញា ត្រឹមត្រូវ ជាពិសេស ហួសកាលបរិច្ឆេទប្រើប្រាស់ ៕