បណ្តាញសង្គម

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី លក្ខណៈជាប្រព័ន្ធចំនួន ១០ភូមិ នៅក្នុងឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖  បញ្ហាទំនាស់ដីធ្លី ជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋានត្រូវ ដោះស្រាយ ហើយដើម្បីឲ្យ ផុតនូវតំណោះ ស្រាយ បញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈ ជាប្រព័ន្ធផងដែរ ។

ដោយឡែក នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះដែរ នៅក្នុងបរិវេណ វត្តពោធិមាស ហៅវត្ត (បុសល្ហុង) ស្ថិតនៅភូមិបុសល្ហុង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានរៀបចំពិធី ប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ  នូវឯកសារ នៃការវិនិច្ឆ័យចំនួន ១០ភូមិ ស្ថិតនៅឃុំ អំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោក ធួន ជេដ្ឋា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងជានាយកចាត់ ការកម្មវិធី អនុវិស័យរដ្ឋបាល ដីធ្លីខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី លោក អភិបាលរងស្រុក ស្ថាប័ន អង្គភាពជុំវិញស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ឆេង ផល្លា ប្រធានគ្រប់គ្រង ការងារតំបន់វិនិច្ឆ័យ ស្រុកអូរាំងឪ បានឡើងអានរបាយការណ៍ ស្ដីពីលទ្ធផលដែលបានអនុវត្ តការងារចុះបញ្ជីដីធ្លី ដែលមានលក្ខណៈ ជាប្រព័ន្ធជូនអង្គ ពិធីរួចមក លោក ធួន ជេដ្ឋា បានគូសបញ្ជាក់ថា៖ ក្រុមការងារ បានធ្វើការប្រកាស បិទផ្សព្វផ្សាយ នូវទិន្នន័យជាសាធារណៈ  ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំអំពិលតាពក នាពេលនេះ មានចំនួន ១០ភូមិទៀត ដែលមានក្បាលដី សរុបចំនួន ៧.៥៣៣ក្បាលដី គឺភូមិទួលទន្សោង មានចំនួន ៧៧១ក្បាលដី ភូមិពោធិមាស មានចំនួន ៣០៨ក្បាលដី ភូមិមិត្តរ៉ាច មានចំនួន ១.១១៩ក្បាលដី ភូមិដំណាក់បេង មានចំនួន ៥៣៣ក្បាលដី ភូមិពោធ៍ស្វាយមីង មានចំនួន ៩១៧ក្បាលដី ភូមិស្វាយមីង មានចំនួន ៨៣០ក្បាលដី ភូមិបុសល្ហុង មានចំនួន ១.២៧៧ក្បាលដី ភូមិអំពិលជើង មានចំនួន ៤៥៤ក្បាលដី ភូមិអំពិលត្បូង មានចំនួន ១.០២២ក្បាលដី និងភូមិទំពាំងឬស្សី មានចំនួន ២៥៤ក្បាលដី ។

ឯកឧត្តម ហាក់ សុខមករា ក៏បានផ្ដាំផ្ញើ ទៅដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដែលជាម្ចាស់ដី ស្ថិតនៅក្នុងភូមិទាំង ១០ខាងលើ សូមមេត្តាអញ្ចើញ ចូលរួមក្នុងការត្រួតពិនិត្យ ប្លង់សូរិយោដី និងបញ្ជីរឈ្មោះម្ចាស់ដី ដែលបានបិទប្រកាស ផ្សព្វផ្សាយ ជាសាធារណៈកុំបី ខកខានឡើយ ដោយមានមន្ត្រី ប្រចាំការនៅ កន្លែងបិទផ្សាយដើម្បី រង់ចាំជួយពន្យល់ បងប្អូន និងទទួលនូវ រាល់ការសុំកែតំរូវ របស់បងប្អូនផងដែរ ។ ម្យ៉ាងទៀត ដើម្បីបង្ករភាពងាយស្រួល ដល់បងប្អូនក្រុងការងារ របស់យើង បានដាក់ទីតាំង សំរាប់បិទផ្សាយនៅ វត្តពោធិមាស ស្ថិតក្នុងភូមិបុសល្ហុង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដែលមានរយៈពេល ៣០ថ្ងៃ ដោយពុំគិត ពីថ្ងៃបុណ្យ និងថ្ងៃឈប់សំរាកឡើយ ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ទាំងអស់ ដែលបានចូល រួមសហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែងធ្វើ ឲ្យមានលក្ខណៈ ងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី អញ្ចើញ មកទាំងប្ដីប្រពន្ធ និងនាំយកមកជាមួយ នូវឯកសារផ្ទាល់ ខ្លួនក្នុងនោះ រួមមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រ អពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមានភាព ងាយស្រួល ដល់ក្រុមការងារ វាស់វែង និងរៀបចំ ប័ណ្ណកម្មសិទ្ធិ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋ បានឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ចំពោះអាណាព្យាបាលឬឪពុកម្ដាយ ដែលមានបំណង ចែកដីឲ្យកូនចៅ អាចរៀបចំ ធ្វើការបែងចែក នៅពេលនេះបាន៕