បណ្តាញសង្គម

ឯកឧត្ដម ប្រាជ្ញ ចន្ទ និងលោកជំទាវ រួមជាមួយមន្ត្រីរាជការ ខេត្តត្បូងឃ្មុំ អញ្ជើញកាន់បិណ្ឌទី៣ វត្តសេតហត្ថី(ដំរិល) ស្ថិតនៅស្រុក អូររាំងឪ

 ត្បុងឃ្មុំ៖ ថ្ងៃពុធ ៣រោច ខែភទ្របទ ព.ស ២៥៥៩ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ គឺជាថ្ងៃប្រារព្ធ ពិធីកាន់បិណ្ឌវេណទី៣ ទៅតាមទំនៀមទំលាប់ ប្រពៃណី ព្រះពុទ្ធសាសនា ។

នៅក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិក តែងតែបាននាំ យកចង្ហាន់ ទេយវត្ថុ គ្រឿងបរិក្ខាផ្សេងៗ ទៅប្រគេន ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុល្យ ទៅដល់បុព្វការីជន និង ញ្ញាតិការទាំង ៧សណ្ដាន ដែលលោកបានបែកកាយរំលាយ ខ័ណ្ឌទៅកាន់លោក ខាងមុខ ។

ដោយឡែកនៅថ្ងៃកាន់បិណ្ឌទី ៣នេះដែរ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយឯកឧត្ដម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ក្នុងខេត្តត្បូងឃ្មុំ ទាំងអស់ បានអញ្ជើញទៅ ប្រារព្ធបុណ្យ កាន់បិណ្ឌទី៣ នៅវត្តសេតហត្ថី (ដំរិល) ស្ថិតនៅភូមិដំរិល ឃុំ ដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

បន្ទាប់មក ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងមន្ត្រីរាជការ ក្រោមឱវាទ បានអញ្ជើញរាប់បាត្រ ដើម្បីឧទ្ទិស កុសល ផលបុណ្យ ជូនដល់អ្នកមានគុណ ព្រមទាំងបុព្វការីជន និងវិញ្ញាណខ័ន្ធ អ្នកស្នេហាជាតិ ដែលបានទទួល មរណៈភាព និងពលីជីវិត ទៅកាន់លោកខាងមុខ ។ តមកព្រះសង្ឃ ក៏បានចំរើន ព្រះបរិត បង្សុកូល និងវេប្រគេនព្រះសង្ឃ ទៅតាមគន្លង ប្រពៃណី ព្រះពុទ្ធសាសនា នៃយើង ។

ឯកឧត្ដម បានបញ្ជាក់ថា៖ តាមប្រពៃណី របស់ខ្មែរយើងតាំងពី ដូនតាមក បានកំណត់ថា ចាប់ពីថ្ងៃ១រោច ដល់១៤ រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌឬ ថ្ងៃដាក់បិណ្ឌ ចំណែកឯថ្ងៃ ១៥រោច ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌ ។ ឯកឧត្ដម បានរំលឹកដែរថា តាមទំនៀមទំលាប់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ បានជួបជុំគ្នា នៅតាមទីវត្តអារាម ធ្វើចង្ហាន់ប្រគេន ព្រះសង្ឃ ដើម្បីឧទ្ទិមគ្គ ផលសកុសល ផលបុណ្យ ជូនដល់មាតា បិតា ព្រមទាំងញ្ញាតិការទាំង ៧សន្ដាន ដែលបានចែក ដ្ឋានទៅលោក ខាងមុខ និងបុព្វការីជន ដែលបានពលី ជីវិត ដើម្បីជាតិមាតុភូមិ ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបន្តទៀតថា៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេស ឲ្យមានការ រីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ប្រទេសជាតិ មានសន្តិភាព ផ្ដល់ឱកាសងាយស្រួល ប្រជាពលរដ្ឋ ប្រកបរបបរទទួលទាន ។ ឯកឧត្ដម ក៏បានឧទ្ទិសបុណ្យ កុសលជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលបានរងគ្រោះ និងស្លាប់បាត់បង់ ជីវិតយ៉ាងខ្លោចផ្សារ ក្នុងរបបប្រល័យ ពូជសាសន៍ ដែលជនរងគ្រោះ ខ្លះអាចនឹងមិនមានសេស សល់សាច់ញាតិ ធ្វើបុណ្យឧទ្ទិសកុសល ទាំងនោះ ក៏ឲ្យបានទទួលនូវបុណ្យកុសល កើតចេញពី សទ្ធាជ្រះថ្លានេះ បានចាប់កំណើត កើតក្នុងឋាន ដ៏សមគួរ ចៀសផុតពី ទុក្ខសោកវេទនា គ្រប់ៗគ្នា ។

ស្ថិតនៅក្នុង ឱកាសនោះដែរ ឯកឧត្ដម ប្រាជ្ញ ចន្ទ និងលោកជំទាវ រួមជាមួយ សប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន ៥លានរៀល ដើម្បីរួមចំណែក កសាងសមិទ្ធិផល ក្នុងវត្តសេតហត្ថី (ដំរិល) ក្នុងនោះមាន អង្ករ ២០០គីឡូ ទឹកក្រូច ០៥កេស ទឹក បរិសុទ្ធ ១០កេស តែ ៥០កញ្ចប់ ស្ករសរ ៥០គីឡូក្រាម ទឹកដោះគូ ០២កេស និងមីចំនួន ០៤កេស ប្រគេនព្រះសង្ឃចំនួន  ៨៩អង្គ ក្នុង ០១អង្គ ទទួលបានថវិការចំនួន ២០.០០០រៀល និងជូនតាជីយាយជីចំនួនជាង ៣០០នាក់ ក្នុង១នាក់ៗទទួល បានថវិការចំនួន ១០.០០០រៀលផងដែរ ៕