បណ្តាញសង្គម

បុណ្យទន្លេ លើកទី២ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ នឹងមានអ្នកចូលរួម ប្រមាណជាង ៤០ម៉ឺននាក់

ភ្នំពេញ៖ ឆ្លងតាមបទពិសោធន៍ កាលពីឆ្នាំកន្លងទៅ សម្រាប់បុណ្យទន្លេ លើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១១-១២ និង១៣ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នឹងមានអ្នកចូលរួមយ៉ាងច្រើន កុះករ ពោលគឺអាច លើសទ្វេរដង បើធៀបទៅនឹង  ឆ្នាំ២០១៥ ដែលប្រារពធ្វើនៅ ខេត្តក្រចេះ។

លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា (NOCC) បានមានប្រសាសន៍ប្រាប់ សារព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះថា “បុណ្យទន្លេនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ លើកទី២នេះ នឹងមានអ្នកចូលរួមប្រមាណជា ជាង៤០ម៉ឺន ហេតុផលដែល ខ្ញុំរំពឹងយ៉ាងដូច្នេះ គឺថាខេត្តទាំងពីរ នៅជិតរាជធានីភ្នំពេញ មានផ្លូវល្អ ជាខេត្តដែលមានប្រជាជនច្រើន មានសក្កានុពលទេសចរណ៍ មានកន្លែងកំសាន្ត នានាជាច្រើន ពិសេសឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ កីឡាជាតិ និងអន្តរជាតិជាច្រើនប្រភេទ”។

លោកអគ្គលេខាធិការបាន ឲ្យដឹងទៀតថា  “កីឡាគឺជា ចំណុចស្នូលមួយ ដែលធ្វើឲ្យ ពិធីបុណ្យទន្លេ មានសកម្ម ភាពសប្បាយៗ ពីព្រលឹម ទល់យប់  សម្រាប់កីឡា ដែលចូលរួម ក្នុងកម្មវិធីបុណ្យ ទន្លេឆ្នាំនេះ  មានជាងដប់ ក្នុងនោះមាន កីឡាទំនើប និងកីឡា ជាប្រពៃណី ឬទាក់ទងទៅ នឹងអត្តសញ្ញាណ វប្បធម៌ខ្មែរ “។

ជាមួយគ្នានោះ សម្រាប់កីឡាប្រពៃណី បានរៀបចំធ្វើពីកន្លែង មួយកន្លែងនៅខេត្តត្បូង មានត្រៀមរៀបចំ កម្មិធីកីឡាមួយចំនួន នៅរមណីយដ្ឋាន ហ្វួងព្រះស្តេចកន ដោយមានអ៊ុទូកខ្នាតខ្លី ប្រកួតបោកចំបាប់ បុរាណមានការចូលរួមពីមហាជន ព្រោះតំបន់នោះ មានអ្នកចេះបោកចំបាប់ច្រើន ពិសេសមានរៀបចំប្រកួត កីឡាអុកចក្រត្រង ជាទ្រង់ទ្រាយធំមួយ ដើម្បីស្វែងរក ស្តេចអុកប្រចាំបុណ្យទន្លេ ក្នុងឆ្នាំនេះ  ក៏ដូចជាបំផុសកីឡា ប្រណពៃណី ភ្ជាប់ទៅនឹងការអភិរក្ស និងអភិវឌ្ឍន៍ កីឡាវប្បធម៌ជាមួយនឹងទេសចរណ៍។

លោកបានបញ្ជាក់ថា “សម្រាប់កីឡាទំនើបវិញ យើងត្រៀមរៀបចំ ការរត់ប្រណាំងកំសាន្តដែល អាចទាក់ទាញមហាជន និងប្រជាជននៅក្នុងខេត្តនេះ ប្រមាណជា ៤ទៅ៥ពាន់នាក់ ឲ្យចូលរួម  មានប្រកួតបាល់ទះ ពានរង្វាន់បុណ្យទន្លេ មានកីឡាប្រពៃណី អុំទូកខ្នាតតូច ឬទូកកាចារ ប្រកួតហែទឹក នៅមជ្ឈមណ្ឌលហែលទឹក មរតកតេជោ ដើម្បីស្វែងរកអ្នកមានសមត្ថភាព និងទេសកោសល្យ ក្នុងស្រទាប់ប្រជាជន ចូលរួមដែលរស់នៅតាមដងទន្លេ សម្រាប់់រៀបចំឲ្យ គាត់ចូលរួមជាកីឡាជាតិ ដើម្បីហ្វឹកហាត់ទៅថ្ងៃក្រោយទៀត”។ លើសពីនេះក៏មានរៀបចំកីឡាជិះកង់ ជិះឆ័ត្រយោងមានស៊ីនហោះហើរមេឃ និងមានបង្ហាញសូរ កីឡាហោះហើរលើទឹក និងជ្រមុជទឹកផងដែរ”។

 សូមបញ្ជាក់ថា  ក្រៅពីព្រឹត្តិការណ៍ កីឡារជាតិ ក៏នៅមានកីឡា មហាជន ជាច្រើនទៀត ដែល NOCC សហការជាមួយអាជ្ញាធរខេត្ត បានរកអ្នកមានសមត្ថភាព សម្តែងនៅតាមមូលដ្ឋាន អញ្ជើញគាត់ឲ្យមកសម្តែង ក្នុងកម្មិធីនេះ ដើម្បីជាការលើកទឹកចិត្ត ដល់ពួកគាត់ឲ្យស្រលាញ់កីឡា ព្រោះថាកីឡារសម្រាប់ សប្បាយផង សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តផង បន្ទាប់ពីក្រុមកីឡាអាជីព ដែលយើងនាំពីភ្នំពេញទៅចូលរួម៕

ដកស្រង់ពី៖ ដើមអម្ពិល