បណ្តាញសង្គម

សត្វខ្យងក្រហម និងសត្វខ្មុល បំផ្លាញស្រូវពលរដ្ឋអស់ជាច្រើនហិចតា នៅខេត្ត្បូងឃ្មុំ

ត្បូងឃ្មុំៈ នៅដើមវស្សាឆ្នាំនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ កសិករបានសាបព្រួស ស្ទូងស្រូវ យ៉ាងញាប់ដៃញាប់ជើង តែជាអកុសលសន្ទូងរបស់គាត់ ត្រូវសត្វខ្យងក្រហម និងសត្វខ្មុល ស៊ីបំផ្លាញស្រូវអស់ជាច្រើនហិចតា មានស្រុកត្បូងឃ្មុំ ក្រុងសួង និងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ ហើយករណីមហន្តរាយនេះ ក៏ត្រូវបានមន្ត្រីជំនាញកសិកម្មខេត្ត ចុះធ្វើការណែនាំដល់កសិករទាំងនោះផងដែរ ។

លោក ទៀវ ម៉ាញ រស់នៅក្នុងស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជាងពាក់កណ្តាលជីវិតមកហើយ លោក មិនដែលបានជួបគ្រោះមហន្តរាយ មានសត្វខ្យងក្រហមចេះស៊ី បំផ្លាញសន្ទូង សំណាប របស់ប្រជាកសិករអស់ជាច្រើនហិចតា គឺវាស៊ីផ្តាច់គល់ ក្នុងស្រែទំហំ៥០អារ ស៊ីតែ១យប់ គឺអស់រលីងតែម្តង ។ សត្វខ្យងក្រហមនេះទៀតសោត មានពងពណ៌ក្រហម វាអាចពងដាក់ដើមស្រូវ និងកូនឈើតូចៗដែលដុះតាមភ្លឺស្រែ ខ្យងក្រហមនេះ បើគេយកមកធ្វើម្ហូប អាចប៉ះពាល់សុខភាព ពិសេស ហូបច្រើនគឺរាគតែម្តង ។

ការប្រឈមផ្សេងពីនេះទៀត គឺកន្លែងដែលមិនលិចទឹក គោកនោះបែរជាប្រឈមនិងសត្វល្អិតម៉្យាងឈ្មោះ «ខ្មុល» ដោយសត្វល្អិតមួយនេះត្បុលរុលក្នុងដីស៊ី ឬស ស្រូវធ្វើឲ្យដើមស្រូវស្រពោនស្វិតងាប់តែម្តង ។ ក្រុមប្រជាកសិករ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាជួយដោះស្រាយ គ្រោះមហន្តរាយនេះ ដល់ប្រជាកសិករផង ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា ករណី មានសត្វខ្យងក្រហម និងសត្វ ខ្មុរ ដែលបានបំផ្លាញ ស៊ីសំណាប សន្ទូង របស់បងប្អូនប្រជាកសិករយើងអស់ជាច្រើនហិចតាមែន ហើយករណីនេះ ចំពោះសត្វខ្យងក្រហម កសិករត្រូវបំផ្លាញវាចោលដោយ ចាប់យកមកកំទេចចោល ទាំងតូច ធំ ទាំងពង កិនបំបែកដុតចោល ។ ហើយសត្វខ្មុល ស៊ីឬសស្រូវនោះ យើងក៏ត្រូវធ្វើឲ្យវាងាប់តាមរយៈថ្នាំបំពុលគីមីបានដែរ ប៉ុន្តែថ្នាំនេះ វានឹងបង្ករឲ្យងាប់ពពួកសត្វមានប្រយោជន៍ដទៃជាច្រើនទៀត នៅក្នុងស្រែកសិករ ពោលគឺបំផ្លា្ញបរិស្ថាន ។

វិធីកំចាត់ដែលប្រសើរមានដូចជា បូមទឹកពន្លិចដាក់ស្រែណាដែលមានសត្វប្រភេទនេះ ស៊ីស្រូវ និងមួយទៀតកសិករអាចចាប់ពពួកសត្វខ្មុលនេះ ដោយប្រើប្រាស់អំពូលភ្លើងនៅពេលយប់ វិធីនេះល្អកសិករអាចយកខ្មុលទៅលក់បានលុយ និងអាចអស់សត្វស៊ីស្រូវនេះ ក្នុងស្រែផងដែរ ៕ សាន វិឡែម ១៥.៦.២០១៧