បណ្តាញសង្គម

ដំឡូងមី ជាដំណាំរួមផ្សំរបស់កសិករ ឃុំត្រពាំងព្រីង សំរាប់ទ្រទ្រង់ជីវភាពពួកគាត់ឲ្យប្រសើរឡើង

 ត្បូងឃ្មុំៈ កសិករឃុំត្រពាំងព្រីងប្រមាណ៦០ភាគរយ និយមដាំដំឡូងមី ដែលជាដំណាំវិលជុំ ក្នុង១ឆ្នាំអាចដាំបានពីរដង ដីដែលដាំបានផលល្អ គឺដីរនាម (ដីលិចទឹក) និងដីក្រហម ។

ពួកគាត់គ្មានជំរើសប្តូរទៅដាំដំណាំផ្សេងពីនេះទេ ព្រោះដំណាំដំឡូងមី ក៏ជាដំណាំរួមផ្សំអាចជួយឲ្យជីវភាពកសិករក្នុងឃុំនេះ ធូរធារប្រសើរឡើងផងដែរ ។ លោក មុំ សាប៊ុន មេឃុំត្រពាំងព្រីងបានបញ្ជាក់ឲ្យដឹងថា ប្រជាកសិករក្នុងឃុំប្រមាណ៦០ភាគនិយមដាំដំឡូងមី លើផ្ទៃដី ១ ៥០០ ហិចតា ក្រៅពីដំណាំកៅស៊ូ និងស្វាយចន្ទី ។ ឆ្នាំនេះ ដាំបានល្អជាងឆ្នាំទៅមិញ ដោយសារ អាកាសធាតុ អំណោយផលល្អ មានភ្លៀងធ្លាក់គ្រប់គ្រាន់ កសិករនិយមដាំដំឡូងពូជ មីហ្គោត ដោយសារ ពូជនេះវាធន់នឹងអាកាសធាតុ ឲ្យផលល្អ ដំឡូងអាចដាំលើដីក្រហម ដីខ្មៅ ដីខ្សាច់ និងដីរនាម (ដីលិចទឹក) ដីដែលឲ្យផលល្អជាងគេ គឺដីរនាម និងដីក្រហម ។ដីរនាម ១ហិចតា ឲ្យផលពី៤០ ទៅ៥០តោន និងដីក្រហម ឲ្យផលពី៣០ ទៅ៤០តោន ក្នុង១ហិចតា ។ ជីដែលកសិករនិយមប្រើប្រាស់ គឺជីលាមកគោ ដែលជាជីធម្មជាតិសុទ្ធ វាជួយឲ្យមើមធំ ដើមល្អ ដំឡូងដាំរយៈពេល៦ខែទើបវាឲ្យផល ក្នុង១ឆ្នាំ កសិករអាចដាំបានពីរដង ។

នៅក្នុងឆ្នាំ២០១៧នេះ ដំឡូងមិនសូវមានហាងឆេង កសិករទទួលបានផលចំណេញតិច បើដីជួលគេសឹងតែមិនចំណេញ ។ កសិករខ្លះ ដែលមានទុន ងាកទៅដាំកៅស៊ូ និងស្វាយចន្ទី វិញម្តង ។ មូលហេតុ ដែលកសិករមិនប្តូរដំណាំដំឡូងមីទៅដាំកៅស៊ូ និងស្វាយចន្ទី ដោយសារគាត់ខ្វះទុន កៅស៊ូ និងស្វាយចន្ទី ដាំពី ៣ទៅ៤ឆ្នាំទើប វាឲ្យផល គាត់អាចដាច់បាយ បើដំឡូងជាដំណាំវិលជុំ អាចទ្រទ្រង់ជីវភាពបាន ដូចនេះហើយបានជាពួកគាត់ ស៊ូទ្រាំបន្តដាំដំឡូងមីរង់ចាំទីផ្សារដើរស្រួលបួលជីវភាពសមរម្យទៅតាមនោះដែរ ។

លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម និងរក្ខាប្រមាញ់ខេត្ត បានបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងខេត្តត្បូងឃ្មុំរបស់យើងឆ្នាំនេះ បងប្អូនប្រជាកសិករបានដាំដំឡូងមីដែលជាដំណាំរួមផ្សំ បានចំនួនជាង ៥ ០០០ ហិចតា មានគ្រប់ទាំង៧ស្រុក/ក្រុង ។ មន្ត្រីជំនាញបានបង្ហាត់កសិករឲ្យចេះជ្រើសរើសពូជណាដែលមានសុខភាពល្អ មានភ្នែកញឹក ទំហំធំល្អ ពេលគេដាំ គេកាត់គល់និងចុងចោល សល់កាត់ជាកង់ៗ ប្រវែងពី២ ទៅ២,៥តឹក ដែលមានភ្នែកពី៥ ទៅ៧ភ្នែក ដើម្បីដាំទៅវាធន់នឹងការប្រែប្រួលអាកាសធាតុ ។ ការដាំដុះត្រូវប្រើប្រាស់ជីទៅតាមលក្ខណៈបច្ចេកទេស គឺជី NPK N.100 ,P.50, K.100 ទៅតាមប្រភេទដីដែរ បើដីនោះល្អហើយ យើងអាចបន្ថយទៅតាមនោះដែរ ។ រាល់ការដាំដុះ ត្រូវមានការថែទាំ សំអាតស្មៅ ពូនគល់វា ដើម្បីឲ្យដំឡូងលូតលាស់បានល្អ ៕

សាន វិឡែម ៥.៧.២០១៧